មេទ័ពកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន និងកងទ័ពទូទាំងប្រទេស ប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថអង្គព្រះមហាក្សត្រ ហើយប្រកាសកម្ទេចជនក្បត់ជាតិរូបនេះ តាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងប្រទេស នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថចំពោះអង្គ ព្រះមហាក្សត្រ ហើយប្រកាសត្រៀមកម្ទេចទណ្ឌិតក្បត់ជាតិរូបនេះ មិនឲ្យមកបំផ្លាញកម្ពុជានោះឡើយ។
តាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានកត់សម្គាល់ថា «ការលើកឡើងរបស់ ទណ្ឌិត សម រង្ស៉ី ក្នុងបទសម្ភាសន៍នោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជាជនខ្មែរ និងបំពានដល់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មិនអាចទទួលយកបានទេ»។
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិតពូជ ដែលប្រមាថដល់អង្គព្រះមហាក្សត្រនាពេលនេះ។ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ត សូមអំពាវនាវឲ្យស្ថាប័នមានសមត្ថកិច្ចទាំងអស់ ចាត់វិធាំនការតាមផ្លូវច្បាប់ ចំពោះជនក្បតិជាតិនេះ ឲ្យបានធ្ងន់ធ្ងរបំផុត»។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print