ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសស្រាល ខណៈពួកគេជិះម៉ូតូសណ្តោងរ៉ឺម៉កហើយត្រូវរថយន្តកូរូឡាបើកបុកចំពីមុខពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៥ នៅចំណុចមុខផ្ទះសំណាក់អ៊ែរ ផត តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់ត្រូវបានគេស្គាល់ឈ្មោះថៃ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរជាងកញ្ចក់ មានស្រុកកំណើតនៅភូមិល្វា ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់រថយន្តនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុបានឃើញយុវជន២នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកកូរូឡា ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2H 5283 បើកបរដោយនារីម្នាក់ និងម្តាយរួមដំណើរជាមួយ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាបានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរ៉ឺម៉កបែរមុខមកក្រោយវិញហើយតៃកុងរ៉ឺម៉កស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសស្រាល ដោយឡែករថយន្ត និងរ៉ឺម៉ករងការខូចខាតទាំងសងខាង រីឯម្ចាស់រថយន្តត្រូវឃាត់ជាប់ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និង សហការជាមួយជុំនាញយករថយន្ត និងរ៉ឺម៉កយករួមទាំងម្ចាស់រថយន្តទៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយពេលក្រោយ។
គួរបញ្ជាក់ថាគ្រោះថ្នាក់ខាងលើនេះដោយសារតែភាគីទាំងសងខាងបើកក្នុងល្បឿនលឿនដូចគ្នាទើបបង្កអោយគ្រោះថ្នាក់បែបនេះ៕
ដោយ៖ សុខា សែនជ័យ