ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តហាយឡែនឌ័របើកកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ៣៧០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ខណៈដែលជនរងគ្រោះបានជិះម៉ូតូជែងជាមួយម៉ូតូមួយគ្រឿងទៀតហើយក៏បានទាក់ដៃចង្កូតដែលបណ្ដាលឲ្យដួលទៅនឹងថ្នល់ ហើយត្រូវបានរថយន្តហាយឡែនឌ័រដែលបើកបញ្ច្រាស់ទិសគ្នាកិនបែកក្បាលស្លាប់ភ្លាមៗតែម្ដង។
បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កែតឃើញមានបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាវេវ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1N.9897 ជិះតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ខ្មៅ កាំស ពាក់ស្លាកលេខ ភ្នំពេញ 1AR. 9374 ជិះក្នុងទិសដៅស្របគ្នាជាមួយម៉ូតូហង់ដាវេវ ហើយក៏បានជែងជាមួយម៉ូតូវ៉ែវ តែជែងមិនផុតក៏បានទាក់ដៃចង្កូតគ្នា រួចម៉ូតូទាំងពីរគ្រឿងក៏ដួលអូសជិត១៥ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះដួលខ្ទប់ទៅនឹងថ្នល់ ជំហៀងម្ខាងទៀត ក៏ត្រូវបានរថយន្តហាយឡែនឌ័រ មិនចាំស្លាកលេខ ដែលបើកបញ្ច្រាស់ទិសគ្នាមកកិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។ ដោយឡែកភាគីខាងម៉ូតូហង់ដាវ៉េវ ដែលជិះគ្នាបីនាក់នោះបានរងរបួសស្រាល ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលបឹងកងកង១ ភ្លាមៗ។
ប្រភពព័ត៌មានពីសាចញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះមុំ វ៉ាដូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តុការ មានទីលំនៅភូមិដើមមាឃ្លៀ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយគ្នាតាមនីតិវិធី។ រីឯសពរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពនោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ