ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១នេះ ក្នុងសាលប្រជុំសាលាខេត្តពោធិ៍សាត់ មានកិច្ចប្រជុំពិភាក្សាស្ដីពីការត្រួតពិនិត្យការងារទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំដឹកនាំដោយលោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបធនធានធម្មជាតិ និង លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធដទៃទៀតផងដែរ ។
គោលបំណងក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាសិក្សាស្វែងយល់ពីអ្នកពាក់ព័ន្ធសំខាន់នឹងការងារគ្រប់គ្រងធនធានធម្មជាតិ និងស្វែងយល់ពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់នេះ ។
ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាដែនដីសុវណ្ណភូមិ ពីព្រោះប្រទេសមួយនេះសម្បូរទៅដោយធម្មជាតិរ៉ែមាស-រ៉ែត្បូង និងសម្បូរទៅដោយធនធានធម្មជាតិមហាសាលច្រើនផ្សេងទៀត។ ធនធានមហាសាលទាំងនោះមានវត្តមាននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា មានទាំងនៅក្រោមដី បាតសមុទ្រ ក្នុងសមុទ្រ ក្នុងទន្លេ ត្រូវបានគេវាយតម្លៃថាសម្បូរទៅដោយមច្ឆាជាតិទឹកប្រៃ និងទឹកសាប ៕ ដោយ ៖ ប៉ឹម ពិន