ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួស ខណៈដែលពួកគេជិះម៉ូតូម្នាក់១គ្រឿងក្បែរគ្នា ហើយត្រូវរថយន្តហាយឡែនឌ័រមួយគ្រឿង បើកក្នុងល្បឿនលឿនគៀរម៉ូតូទាំង២គ្រឿង និងអូសប្រមាណជិត២០ម៉ែត្រ រួចរថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ សុខ ថាន អាយុ២៥ឆ្នាំ មានមុខរបរជាកម្មករលីសែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្បែរវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតក្នុងភូមិក្រោល ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ជិះម៉ូតូម្នាក់១គ្រឿង បើកស្របទិសគ្នាតាមបណ្តោយផ្លូវព្រះមុន្នីរ៉េតពីលិចទៅកើត ភ្លាមនោះស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៍ស មិនចាំស្លាកលេខ បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនគៀរម៉ូតូទាំង២គ្រឿង បណ្តាលឱ្យដួលអូសប្រមាណជិត២០ម៉ែត្រ បណ្តាលឱ្យយុវជនជាម្ចាស់ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY 8668 ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្ចាស់ម៉ូតូគុបគ្រុង ពណ៍ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 1AN-3605 រងរបួសស្រាល ហើយបន្ទាប់ពីបង្កហេតុអ្នកបើករថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ ។
ក្រោយមកសមត្ថកិច្ចបាននាំជនរងគ្រោះដែលរងរបួសទៅសួរនាំនៅបុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ រីឯយុវជនដែលស្លាប់សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយនាពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ