ថៃនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម៧ថ្ងៃនៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៩ ដល់១៥ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ស្ថានតំណាងពាណិជ្ជកម្ម ប្រចំាស្ថានឯកអគ្គរាជទូតថៃនៅកម្ពុជា នឹងសហការជាមួយសមាគមមិត្តភាពថៃ-កម្ពុជា​ បានរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ ២០១៦» ឬ «Mini Thailand Week 2016» នៅទីធ្លាខាងមុខអង្គរឃ្យុងយូ ខេត្តសៀមរាប ។

«ពិព័រណ៍ពាណិជ្ជកម្មថៃ ២០១៦» នៅខេត្តសៀមរាប នេះនឹងមានក្រុមហ៊ុនចូលរួមទំាងអស់ ប្រមាណ១២០ក្រុមហ៊ុន មានស្តង់សរុបចំនួន១៥០ស្តង់ ក្នុងនោះនឹងនំាយកទំនិញជាច្រើនប្រភេទ មកដាក់បង្ហាញ និងលក់ដូចជា៖ សំភារៈសំណង់ អាហារ និងភេសជ្ជៈ សំលៀកបំពាក់ និងវាយនភ័ណ្ឌ សុខភាព និងសម្ភស្សសំភារៈប្រើប្រាស់ក្នុងផ្ទះ និងសំភារៈផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ​ សំភារៈធ្វើពីស្បែក និងស្បែកជើង សំភារៈអគ្គិសនី និងអេឡិចត្រូនិក ទំនិញ OTOP របស់ប្រទេសថៃ។ ​នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅកម្ពុជា ។

លោកស្រី បញ្ជាក់ទៀថា គោលបំណងក្នុងរៀបចំ ពិព័រណ៍ពាណិជ្ជកម្ម ២០១៦ នៅខេត្តសៀមរាបនាលើកនេះគឺ ដើម្បីផ្សព្វផ្សាយ ផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការអរគុណ ដល់អតិថិជនដែលគាំទ្រទំនិញថៃ ឲ្យមានឱកាសបានទំនិញពីម្ចាស់ រោងចក្រដោយផ្ទាល់ក្នុងតម្លៃសមរម្យ ។ ម្យ៉ាងទៀត ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទំាងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ។

លោកស្រីបន្ថែមថា ក្នុងកំឡុងពេលេរៀបចំពិព័រណ៍នេះ នឹងមានរៀបចំកម្មវិធីពិសេសជាច្រើន នាពេលថ្ងៃដូចជា ការត្រួតពិនិត្យសុខភាព ដោយឥតគិតថ្លៃ និងការបង្រៀនវិជ្ជាជីវៈជាដើម ព្រមទំាងមានរៀបចំការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលរាត្រីនោះផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print