ប្រទេសឥណ្ឌា៖ សម្ពាធទាបសីតុណ្ហភាព បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌា ក្នុងនោះមានរដ្ឋចំនួន៤ រងផលប៉ះពាល់ខ្លាំងជាង គេ ដោយគ្រោះទឹកជំនន់ មានដូចជារដ្ឋ Kerala, Maharashtra, Bihar និង Madhya Pradesh ។
តាមតួលេខពីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានឲ្យឹងថា៖ គ្រោះទឹកជំនន់ នៅក្នុងប្រទេសឥណ្ឌា មិនត្រឹមតែបំផ្លិចបំផ្លាញផលដំណាំកសិកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែបន្ទុកធ្ងន់ធ្ងរជាងនេះទៀតនោះ គឺបានបណ្តាលឲ្យមនុស្ស ជាជិត២ពាន់នាក់បាត់បង់ជីវិត ហើយប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត បាត់បង់ទីជម្រក។
សារព័ត៌មាន ស៊ីនហួ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩បានផ្សាយថា ទឹកជំនន់ នៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សចំនួន១៤២២នាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ជនរងគ្រោះបានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង និងឧប្បត្តិហេតុផ្សេងៗ ទាក់ទងនិងទឹកជំនន់ ស្ថិតនៅក្នុងរដ្ឋមួយចំនួន នៃប្រទេសឥណ្ឌា រួមមាន រដ្ឋ Kerala, Maharashtra, Bihar និង Madhya Pradesh ។
សារព័ត៌មាន The Hindustan Times បានផ្សព្វផ្សាយថា៖ “នៅចន្លោះពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងហោចណាស់ ក៏មានមនុស្ស ១ ៤២២នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិ ភ្លៀងធ្លាក់ខ្លាំងនេះ។ ជនរងគ្រោះបាត់បង់ជីវិតទាំងនេះ គឺជាចំនួនខ្ពស់បំផុត នៅក្នុងអំឡុងពេល៩ឆ្នាំមុនចុងក្រោយនេះ ដោយសារទាក់ទងនិងឧបទ្ទវហេតុគ្រោះធម្មជាតិ នៅក្នុងប្រទេសឥណ្ឌា។
ប្រភពព័ត៌មានដដែល បានបន្តថា៖ កាលពីឆ្នាំមុន ជនរងគ្រោះដែលបានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិ នៅក្នុងប្រទេសឥណ្ឌា មានសរុប ១៣៧៩នាក់ នៅក្នុងនោះ ខេត្ត Kerala តែមួយប៉ុណ្ណោះ មានជនរងគ្រោះបាត់បង់ជីវិត រហូតដល់៤៩៨នាក់ ។
ប្រភពដដែលបានបញ្ជាក់ថា បើតាមទិន្នន័យរបស់ក្រសួងពាក់ព័ន្ធ បានបង្ហាញថា ការស្លាប់ទាក់ទងនិងខ្យល់ព្យុះ មូសុង បានរីករាលដាលពាសពេញប្រទេសឥណ្ឌាម្ដង នៅក្នុងឆ្នាំឆ្នាំ២០១៩នេះ ហើយវាច្រើនជាងបណ្ដាឆ្នាំមុនៗទៅទៀត។ ចំនួនអ្នកបាត់បង់ជីវិត ក្នុងឆ្នាំនេះ មាន៣១៧នាក់ នៅក្នុងរដ្ឋ Maharashtra, ចំនួន២០៣នាក់ នៅរដ្ឋ West Bengal និង ២០០នាក់នៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ៕
ដោយ៖ មែវ សាធី