ក្នុងពេលដែលប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ អ៊ីរ៉ង់ បាន ងាកទៅរកខ្នងបង្អែក ដ៏រឹងមាំ សម្រាប់ទប់ទល់អាមេរិក នៅគឺចិន និងរុស្ស៊ី។
នៅពេលនេះចិន រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងគម្រោងធ្វើសមយុទ្ធកម្លាំងទាហានជើងទឹករួមនៅតំបន់សមុទ្រ Oman និង តំបន់សមុទ្រភាគខាងជើងនៃមហាសមុទ្រឥណ្ឌាដើម្បីផ្លាស់ប្តូរចែករំលែកបទពិសោធយោធា។
សារព័ត៌មាន Iran Press នៅថ្ងៃទី ២១ ខែកញ្ញា បានដកស្រង់សម្តី អគ្គនាយក អង្គការទទួលបន្ទុកកិច្ចការបរទេសរបស់ កម្លំាងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់លោក Ghadir Nezami Pour បានបញ្ជាក់ថា សមយុទ្ធត្រីភាគី នឹងធ្វើឡើង នៅតំបន់សមុទ្រអន្តរជាតិ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានបញ្ជាក់ថា សមយុទ្ធខាងលើ មានគោលដៅផ្លាស់ប្តូរបទពិសោធន៍ យោធា និងមានគោលដៅនយោបាយផងដែរ ក៏ដូចជាការបង្ហាញពីកិច្ចសហប្រតិបត្តិការរវាង អ៊ីរ៉ង់ និងមហាអំណាច ចិន រុស្ស៊ី។
សកម្មភាពខាងលើរបស់អ៊ីរ៉ង់ ក្នុងគោលដៅបង្ហាញឲ្យឃើញថា ជាការប្តេជ្ញា របស់ រុស្ស៊ី និងចិន ក្នុងការការពារអ៊ីរ៉ង់ រួចផុតពីការគំរាមកំហែងវាយប្រហារ ពីបណ្តាប្រទេសលោកខាងលិច ដែលបានចោទប្រកាន់អ៊ីរ៉ង់ថាបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងAbqaiq និង Khurais នៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីតកាលពីថ្ងៃទី១៤ ខែកញ្ញា ។
ជាមួយគ្នានេះឧត្តមសេនីយ៍ឯក Hossein Salami អគ្គមេបញ្ជាការ កងទ័ពបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃទី២១ ខែកញ្ញា បានប្រកាសថា «អ៊ីរ៉ង់នឹងរកគ្រប់វិធីសាស្ត្រ ដើម្បីបំផ្លាញ រាល់ជនណាដែលបានវាយប្រហារទៅលើទឹកដីអ៊ីរ៉ង់ នោះ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Hossein Salami បានប្រកាសខាងលើ ក្រោយពេលបណ្តាប្រទេស លោកខាងលិច មានអាមេរិក និងប្រទេសអ៊ីស្រាអែល សាឌីអារ៉ាប៊ី បានត្រៀមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ក្រោយចោទប្រកាន់ថាទីក្រុងតេអ៊ីរ៉ង់ជាអ្នកវាយប្រហារទៅលើទីតាំងរោងចក្រប្រេងរបស់អារ៉ាប៊ី សាអូឌីត។
កាលពីថ្ងៃទី១៩ខែកញ្ញា ប្រធានាធិបតី អាមេរិកដូណាលត្រាំ បានយល់ព្រម បញ្ជូនទាហាន និងសព្វាវុធជាច្រើនទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត។
នៅក្នុងសន្តរកថា លោក Salami បានបញ្ជាក់ថា កម្លាំងទាហាន អ៊ីរ៉ង់នឹងទប់ស្កាត់រាល់ការវាយប្រហារណាមួយពីសត្រូវ ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Zarif បានចាត់ទុកថា ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ទៅលើធនាគារ អ៊ីរ៉ង់ ។ សកម្មភាពទាំងនោះ ជារឿងមិនអាចទទួលយកបានឡើយ។
ចំណែកមន្ត្រី ជាន់ខ្ពស់របស់ប្រទេសសាឌីអារ៉ាប៊ីបានបញ្ជាក់ថា ទីក្រុង Riyadh នឹងរងចាំលទ្ធផល នៃការស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក៏ដូចជាក្រុមអ្នកជំនាញ មុនពេលចោទប្រកាន់ជាផ្លូវការទៅលើ អ៊ីរ៉ង់។
ដោយឡែក រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្លែងកាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញាម្សិលមិញថា ការវាយប្រហារ កាលទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា សប្ដាហ៍មុន គឺជាការវាយប្រហារប្រឆាំងនឹង មនុស្សជាតិ។ នៅពេលនេះ រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងព្យាយាមបែងចែកពិភពលោក។
លោក Al-Jubeir បាននិយាយថា ការវាយប្រហារនេះ បានធ្វើឡើងជាមួយនឹងអាវុធរបស់អ៊ីរ៉ង់ ហើយនេះជាហេតុផលដែលអ៊ីរ៉ង់គួរតែទទួលខុសត្រូវ ចំពោះឧប្បត្តិហេតុនោះ។ រីឯការស៊ើបអង្កេត នឹងបង្ហាញពីរឿងនោះ។ ជំហរអ៊ីរ៉ង់ កំពុងតែព្យាយាមបែងចែកពិភពលោក តែគោលបំណងដ៏អាក្រក់នេះ នឹងមិនទទួលបានជោគជ័យឡើយ។
នៅក្នុងសន្និសីទកាសែតមួយ នៅរាជធានីរីយ៉ាង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក Al-Jubeir ក្រសួងការបរទេស នៃប្រទេសនេះ បានថ្លែងទៀតថា ការវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុន Aramco ក៏កំពុងតែសំដៅទៅលើសន្តិសុខថាមពលរបស់ពិភពលោក។ ប៉ុន្ដែទោះជាយ៉ាង រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត នឹងចាត់វិធានការសមស្រប ដើម្បីឆ្លើយតប ប្រសិនបើការស៊ើបអង្កេត ត្រូវបានបញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនោះ។
រដ្ឋមន្រ្ដីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានបន្ដថា ព្រះរាជាណាចក្រនេះ មិនដូចអ៊ីរ៉ង់ មិនបានបាញ់មីស៊ីលពីដ្រូន ឬគ្រាប់ទៅកាន់អ៊ីរ៉ង់ទេ។ នេះបង្ហាញថា យើងស្វែងរកស្ថានភាពល្អ ខណៈដែលអ៊ីរ៉ង់ កំពុងធ្វើអំពើអាក្រក់” ។
ទោះជាយ៉ាងណា អារ៉ាប៊ីសាអ៊ូឌីត បានច្រានចោលការអះអាងរបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន ដែលគាំទ្រដោយអ៊ីរ៉ង់ថា ពួកគេជាការវាយប្រហារទៅលើទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ករណីនេះ មិនមានការជាប់ពាក់ព័ន្ធឹងនឹងប្រទេសអ៊ីរ៉ង់ឡើយ។
ជាមួយគ្នានេះដែរ អ៊ឺរ៉ង់ ក៏បានអះអាងថា ការវាយប្រហារដោយយន្ដហោះគ្មានអ្នកបើក (ដ្រូន) នោះ គឺមានការជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់នោះឡើយ។ ប៉ុន្ដែវាជាសកម្មភាពរបស់ក្រុមហ៊ូធី ហើយនេះក៏ជាកិច្ចការពាររបស់ក្រុមឧទ្ទាមនេះផងដែរ ព្រោះសម្ពន្ធមិត្ដអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្លាប់វាយប្រហារតាមអាកាសទៅលើក្រុមឧទ្ទាមហ៊ូធី ដែលបានផ្ដួលរំលំរដ្ឋាភិបាល នៅក្នុងប្រទេសយេមែន ដែលទទួលស្គាល់ដោយអន្ដរជាតិ។
ដោយឡែករដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Mike Pompeo វិញ បានចាត់ទុកការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco ចំនួន២កន្លែង នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងសប្ដាហ៍មុនថា នេះជាសកម្មភាពសង្រ្គាម បង្កឡើងដោយប្រទេសអ៊ីរ៉ង។ អាមេរិក ប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ គាំទ្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយប្រទេសនេះ មានសិទ្ធិការពារខ្លួន និងឆ្លើយតបសមស្របណាមួយចំពោះសត្រូវរបស់ខ្លួន៕
ដោយ៖ មែវ សាធី