វិភាគព័ត៍មានអន្តរជាតិ៖ អ៊ីរ៉ង់ងាកទៅរករុស្ស៊ី-ចិន ក្នុងពេលអាមេរិក និងសម្ព័ន្ធមិត្តត្រៀមវាយប្រហារ

ចែករំលែក៖

ក្នុងពេលដែលប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ អ៊ីរ៉ង់ បាន ងាកទៅរកខ្នងបង្អែក ដ៏រឹងមាំ សម្រាប់ទប់ទល់អាមេរិក នៅគឺចិន និងរុស្ស៊ី​។
នៅពេលនេះចិន រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងគម្រោងធ្វើសមយុទ្ធកម្លាំងទាហានជើងទឹករួមនៅតំបន់សមុទ្រ Oman និង តំបន់សមុទ្រភាគខាងជើង​នៃមហាសមុទ្រឥណ្ឌា​ដើម្បីផ្លាស់ប្តូរ​ចែករំលែកបទពិសោធយោធា​។
សារព័ត៌មាន​ Iran Press ​នៅថ្ងៃទី ២១ ខែកញ្ញា បានដកស្រង់សម្តី​ អគ្គនាយក អង្គការទទួលបន្ទុកកិច្ចការបរទេស​របស់ កម្លំាងបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់​លោក​ Ghadir Nezami Pour ​បានបញ្ជាក់ថា ​សមយុទ្ធត្រីភាគី នឹងធ្វើឡើង នៅតំបន់សមុទ្រអន្តរជាតិ​។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់​ បានបញ្ជាក់ថា សមយុទ្ធខាងលើ មានគោលដៅផ្លាស់ប្តូរបទពិសោធន៍ យោធា​ និងមានគោលដៅនយោបាយផងដែរ​ ក៏ដូចជាការបង្ហាញពីកិច្ចសហប្រតិបត្តិការ​រវាង អ៊ីរ៉ង់ និងមហាអំណាច ចិន រុស្ស៊ី​។
សកម្មភាពខាងលើ​របស់អ៊ីរ៉ង់ ក្នុងគោលដៅ​បង្ហាញឲ្យឃើញថា ជាការប្តេជ្ញា របស់ រុស្ស៊ី និងចិន ក្នុងការការពារអ៊ីរ៉ង់ រួចផុតពី​​ការគំរាមកំហែងវាយប្រហារ ពីបណ្តាប្រទេសលោកខាងលិច ដែលបានចោទប្រកាន់អ៊ីរ៉ង់ថា​បាន​វាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងAbqaiq និង Khurais នៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត​កាលពីថ្ងៃទី​១៤ ខែកញ្ញា ។
ជាមួយគ្នានេះឧត្តមសេនីយ៍ឯក Hossein Salami ​អគ្គមេបញ្ជាការ កងទ័ពបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់​​ កាលពីថ្ងៃទី​២១ ខែកញ្ញា​ បានប្រកាសថា «អ៊ីរ៉ង់​នឹងរកគ្រប់វិធីសាស្ត្រ ដើម្បីបំផ្លាញ រាល់ជនណាដែលបានវាយប្រហារទៅលើទឹកដីអ៊ីរ៉ង់ នោះ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​​លោក​ Hossein Salami ​បានប្រកាសខាងលើ ក្រោយពេល​បណ្តាប្រទេស លោកខាងលិច មានអាមេរិក ​និងប្រទេសអ៊ីស្រាអែល សាឌីអារ៉ាប៊ី​ បានត្រៀមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់​ ក្រោយចោទប្រកាន់ថាទីក្រុងតេអ៊ីរ៉ង់​ជាអ្នកវាយប្រហារទៅលើទីតាំងរោងចក្រប្រេង​របស់អារ៉ាប៊ី សាអូឌីត។

កាលពីថ្ងៃទី​១៩ខែកញ្ញា ប្រធានាធិបតី អាមេរិក​ដូណាលត្រាំ ​បានយល់ព្រម ​បញ្ជូនទាហាន និងសព្វាវុធជាច្រើន​ទៅកាន់ប្រទេស អារ៉ាប៊ី​ សាអូឌីត​។
នៅក្នុងសន្តរកថា លោក​ Salami បានបញ្ជាក់ថា កម្លាំងទាហាន អ៊ីរ៉ង់​នឹងទប់ស្កាត់រាល់ការវាយប្រហារណាមួយ​​ពីសត្រូវ ។
ជាមួយគ្នានោះដែរ​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​លោក Zarif បានចាត់ទុកថា ការដាក់ទណ្ឌកម្ម​ថ្មីរបស់អាមេរិក ទៅលើធនាគារ អ៊ីរ៉ង់ ។ សកម្មភាពទាំងនោះ ជារឿងមិនអាចទទួលយកបានឡើយ​។
ចំណែក​មន្ត្រី ជាន់ខ្ពស់​របស់ប្រទេសសាឌីអារ៉ាប៊ី​បានបញ្ជាក់ថា ទីក្រុង​ Riyadh ​នឹងរងចាំលទ្ធផល នៃការស្រាវជ្រាវ របស់អង្គការ​សហប្រជាជាតិ ក៏ដូចជាក្រុមអ្នកជំនាញ​ មុនពេលចោទប្រកាន់ជាផ្លូវការទៅលើ​ អ៊ីរ៉ង់​។
ដោយឡែក រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្លែងកាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញាម្សិលមិញ​ថា ការវាយប្រហារ កាលទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា សប្ដាហ៍មុន គឺជាការវាយប្រហារប្រឆាំងនឹង មនុស្សជាតិ។ នៅពេលនេះ រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងព្យាយាមបែងចែកពិភពលោក។

លោក Al-Jubeir បាននិយាយថា ការវាយប្រហារនេះ បានធ្វើឡើងជាមួយនឹងអាវុធរបស់អ៊ីរ៉ង់ ហើយនេះជាហេតុផលដែលអ៊ីរ៉ង់គួរតែទទួលខុសត្រូវ ចំពោះឧប្បត្តិហេតុនោះ។ រីឯការស៊ើបអង្កេត នឹងបង្ហាញពីរឿងនោះ។ ជំហរអ៊ីរ៉ង់ កំពុងតែព្យាយាម​បែង​ចែក​​ពិភពលោក តែគោលបំណងដ៏អាក្រក់នេះ នឹងមិនទទួលបានជោគជ័យឡើយ។
នៅក្នុងសន្និសីទកាសែតមួយ នៅរាជធានីរីយ៉ាង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក Al-Jubeir ក្រសួងការបរទេស នៃប្រទេសនេះ បានថ្លែងទៀតថា ការវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុន Aramco ក៏កំពុងតែសំដៅទៅលើសន្តិសុខ​ថាមពលរបស់ពិភព​លោក។​ ប៉ុន្ដែទោះជាយ៉ាង រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត នឹងចាត់វិធានការសមស្រប ដើម្បីឆ្លើយតប ប្រសិនបើការស៊ើបអង្កេត ត្រូវបានបញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនោះ។

រដ្ឋមន្រ្ដីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានបន្ដថា ព្រះរាជាណាចក្រនេះ មិនដូចអ៊ីរ៉ង់ មិនបានបាញ់មីស៊ីលពីដ្រូន ឬគ្រាប់ទៅកាន់អ៊ីរ៉ង់ទេ។ នេះបង្ហាញថា យើងស្វែងរកស្ថានភាពល្អ ខណៈដែលអ៊ីរ៉ង់ កំពុងធ្វើអំពើអាក្រក់” ។
ទោះជាយ៉ាងណា អារ៉ាប៊ីសាអ៊ូឌីត បានច្រានចោលការអះអាងរបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន ដែលគាំទ្រដោយអ៊ីរ៉ង់ថា ពួកគេជាការវាយប្រហារទៅលើទីតាំង​ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ករណីនេះ មិនមានការជាប់ពាក់ព័ន្ធឹងនឹងប្រទេសអ៊ីរ៉ង់ឡើយ។
ជាមួយគ្នានេះដែរ អ៊ឺរ៉ង់ ក៏បានអះអាងថា ការវាយប្រហារដោយយន្ដហោះគ្មានអ្នកបើក (ដ្រូន) នោះ គឺមានការជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់នោះឡើយ។ ប៉ុន្ដែវាជាសកម្មភាពរបស់ក្រុមហ៊ូធី ហើយនេះក៏ជាកិច្ចការពាររបស់ក្រុមឧទ្ទាមនេះផងដែរ ព្រោះសម្ពន្ធមិត្ដអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្លាប់វាយប្រហារតាមអាកាសទៅលើក្រុមឧទ្ទាមហ៊ូធី ដែលបានផ្ដួលរំលំរដ្ឋាភិបាល នៅក្នុងប្រទេសយេមែន ដែលទទួលស្គាល់ដោយអន្ដរជាតិ។

ដោយឡែករដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Mike Pompeo វិញ បានចាត់ទុកការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco ចំនួន២កន្លែង នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងសប្ដាហ៍មុនថា នេះជាសកម្មភាពសង្រ្គាម បង្កឡើងដោយប្រទេសអ៊ីរ៉ង។ អាមេរិក ប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ គាំទ្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយប្រទេសនេះ មានសិទ្ធិការពារខ្លួន និងឆ្លើយតបសមស្របណាមួយចំពោះសត្រូវរបស់ខ្លួន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print