ផ្អាកប្រមូលសំរាមរយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៧ដល់ថ្ងៃទី​២៩ខែ​កញ្ញា​ខាងមុខ​នេះ

ចែករំលែក៖

ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​អំពាវនាវ​ដល់​សាធារណជន​មេត្តា​យោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន។

ការប្រ​កាសអំពាវនាវនេះ​ ត្រូវ​បាន​រដ្ឋបាល​រាជធានី​បញ្ជាក់​ថា​ នៅក្នុងឱកាសថ្ងៃឈប់​សម្រាកពិធីបុណ្យ​ ភ្ជុំបិណ្ឌចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំកុរ ឯក​ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃអាទិត្យ ១កើត ខែ​ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ បុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រី ដែលបម្រើការងារសម្អាតប្រមូល និងដឹកជញ្ជូន​សំរាម​ នៅរាជធានីភ្នំពេញត្រូវបានឈប់សម្រាកពីការងារ ហើយបុគ្គលិក កម្ម​ករ​មួយចំនួនត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត​របស់ខ្លួននៅតាមបណ្តាខេត្តនានា ដែលធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញមានភាពរអាក់រអួលមិនបានពេញ​លេញ។

នេះបេីយោងតាម​សេចក្តីជូនដំណឹងរបស់សាលា​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ទី២៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូន​ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញ របស់យើងឱ្យបានល្អប្រសើរ។​ ដូច្នេះ​ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវ​នាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន​ ៕​ ដោយ​៖​សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print