សហរដ្ឋអាមេរិក-ឥណ្ឌា៖ ប្រធានាធិបតីអាមេរិក លោកប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាស នៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា មូឌី ( Narendra Modi) បំពេញទស្សនកិច្ចរយៈពេលវែងមួយសប្តាហ៍នៅលើទឹកដីអាមេរិក ថា កម្លាំងយោធាអាមេរិក ហើយនិងឥណ្ឌា នឹងរួមគ្នាធ្វើសមយុទ្ធដែលមានឈ្មោះថា Tiger Triumph (ខ្លាកំណាច) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ថា សហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធកម្លាំងយោធារួមជាមួយឥណ្ឌាដែលមានឈ្មោះថា ខ្លាកំណាច (Tiger Triumph) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ។ សមយុទ្ធនេះ ជាសមយុទ្ធលើកដំបូងរវាងប្រទេសទាំងពីរ ដែលរួមមានកម្លាំងយោធាទាំងបីប្រភេទចូលរួមសមយុទ្ធ ដ៏អស្ចារ្យ។
លោកដូណាល់ ត្រាំបានថ្លែងថា «នៅខែវិច្ឆិកា, ឥណ្ឌា និងអាមេរិក នឹងចូលរួមធ្វើសមយុទ្ធមិនធ្លាប់មានពីមុនមក ដោយកម្លាំងទាំងបីប្រភេទចូលរួម ។ ឆាប់ៗនេះ កិច្ចព្រមព្រៀងស្តីអំពីការការពារជាតិ នឹងត្រូវចុះហត្ថលេខារវាងឥណ្ឌា និងអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខរបស់ពួកយើង» ។
សូមបញ្ជាក់ថាកាលពីដើមរៀងមក កងកម្លាំងឥណ្ឌាទាំងបីប្រភេទធ្លាប់តែធ្វើសមយុទ្ធទ្រង់ទ្រាយធំបែបនេះតែជាមួយប្រទេសរុស្ស៊ីតែប៉ុណ្ណោះ ។ ឥឡូវនេះ កម្លាំងជើងទឹក ជើងអាកាស និងជើងគោកឥណ្ឌាចូលរួមសមយុទ្ធជាមួយអាមេរិកវិញម្តង ។
ប្រមុខរដ្ឋាភិបាលឥណ្ឌាបានស្ពាយបញ្ហាជាច្រើនទៅពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក អំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ ។ បញ្ហាទាំងនោះមានទាំងបញ្ហាពាណិជ្ជកម្ម, ភាពតានតឹងតំបន់កាស្មៀរ, ទំនាក់ទំនងជាមួយប៉ាគីស្ថាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងវ៉ាស៊ីនតោន ។
កាលពីពេលថ្មីៗកន្លងនេះ លោកដូណាល់ ត្រាំ ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានផងដែរ ដោយពិភាក្សាស្ថានការណ៍នៅតំបន់កាស្មៀរ ។ តំបន់កាស្មៀរនោះ ទីក្រុងញូវដេលី និងអិស្លាម៉ាបាដបានទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួន ។
មេដឹកនាំប៉ាគីស្ថាន កាលណោះបានអង្វរស្នើដល់ប្រធានាធិបតីដូណាល់ ត្រាំជួយសម្របសម្រួលដោះស្រាយជម្លោះដ៏ចម្រូងចម្រាសរវាងឥណ្ឌា និងប៉ាគីស្ថាននេះ ។ នៅមុនដំបូង លោកត្រាំ បានគាំទ្រគំនិតផ្តួចផ្តើមនេះ ប៉ុន្តែក្រោយមក លោកបានសម្រេចចិត្តថា ប្រទេសទាំងពីរអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន ៕
ដោយ៖ មែវ សាធី