ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសអំពាវនាវដល់សាធារណជនមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន។
ការប្រកាសអំពាវនាវនេះ ត្រូវបានរដ្ឋបាលរាជធានីបញ្ជាក់ថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យ ភ្ជុំបិណ្ឌចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃអាទិត្យ ១កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ បុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រី ដែលបម្រើការងារសម្អាតប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញត្រូវបានឈប់សម្រាកពីការងារ ហើយបុគ្គលិក កម្មករមួយចំនួនត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួននៅតាមបណ្តាខេត្តនានា ដែលធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញមានភាពរអាក់រអួលមិនបានពេញលេញ។
នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញ របស់យើងឱ្យបានល្អប្រសើរ។ ដូច្នេះដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន ៕ ដោយ៖សំរិត