នៅសល់មួយ ឬពីរថ្ងៃទៀតប៉ុណ្ណោះ គឺជាពេលដែលពិភពលោកបានឈានពីឆ្នាំ២០១៥ ចូលដល់ឆ្នាំសកលថ្មី២០១៦។ ទំាងប្រជាពលរដ្ឋ ទំាងរដ្ឋាភិបាល នៃប្រទេសនានាក្នុងពិភពលោក គេកំពុងរៀបចំពិធីយ៉ាងអធិកអធម ដើម្បីត្រៀមដំណើរជីវិត និងអ្វីៗ ដែលរដ្ឋាភិបាលបានឆ្លងកាត់នៅឆ្នាំ២០១៥ ដើម្បីរំឭកនូវសមិទ្ធផលដែលគេបានធ្វើ នៅឆ្នាំ២០១៥ ដើម្បីជាទិសដៅនៃជីវិត ឬក៏ជាទិសដៅការងារ ដែលត្រូវធ្វើសំរាប់ដឹកនាំប្រទេសនៅឆ្នាំ២០១៦។ជាការពិតណាស់ គ្មាននរណាម្នាក់គេអាចទាយមុនបាន តើមានអ្វីដែលនឹងកើតមានទ្បើងនៅឆ្នាំខាងមុខនោះបានទ្បើយ។ នេះគ្រាន់តែជាទស្សនៈមួយ។ ប៉ុន្ដែបើគេក្រទ្បេកមើលពីដំណើរការវិវត្ដន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសក៍របស់ សម្តេចតេជោ ហ៊ុន សែន គេបានឃើញយ៉ាងច្បាស់នូវសមិទ្ធិផលនានា ដែលបានលេចធ្លោ បន្ដបន្ទាប់ នៅឆ្នាំ២០១៥ ជាអាទិ៍៖ ស្ពានធំៗឆ្លងកាត់ទន្លេ ដែលសម្រួលដល់ជីវភាពដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋឆ្លងកាត់ រាប់ម៉ឺនរាប់សែននាក់។ ផ្លូវថ្នល់ខ្វាត់ខ្វែងពេញទីក្រុងរហូតដល់ជនបទ។ ការសម្រួលជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ការកើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទំាងនៅទីក្រុង ក៏ដូចជានៅជនបទ ដោយសារការរក្សានូវកំណើន សេដ្ឋកិច្ច បានរក្សានូវកំណើនគួរជាទីមោទន។ អ្នកវិនិយោគទុន ទំាងក្នុងនិងក្រៅប្រទេស សហគ្រាសតូចធំ រោងចក្រតូចធំ បានបន្ដបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរយ៉ាងសស្រាក់សស្រាំ។
ថ្មីៗនេះ សម្តេច ហ៊ុន សែន បានចរចាគ្នាជាមួយមេដឹកនាំប្រទេសថៃ សម្រេចផលដ៏ត្រចះត្រចង់ ក្នុងនោះក្រៅពីកិច្ចសហប្រត្ដិការដើម្បីសន្ដិភាព សុវត្ថិភាព ដើម្បីសំរួលការរស់នៅរបស់ប្រជាជនទំាងពីប្រទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធិផលមួយយ៉ាងធំធេង គឺការសម្របសម្រួលជាមួយរដ្ឋាភិបាលថៃ ក្នុងការរក្សាសុវត្ថិភាព ច្បាប់ទម្លាប់ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់ បានរស់នៅ និងធ្វើការដោយគ្មានការភ័យខ្លាចនៅក្នុងប្រទេសគេ ដែលលទ្ធផលបានមកពីញើសឈាមរបស់ប្រជាពលករទំាងនោះ គឺត្រូវបានបង្កើនជីវភាព ការរស់របស់ក្រុមគ្រួសារពួកគេឲ្យមានជីវភាពសមរម្យនៅតាមភូមិឋាន និងក្នុងសហគមន៍។
បើយើងរៀបរាប់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានដឹកនាំចលនាលើកស្ទួយប្រទេសជាតិ លើកកំពស់កេរ្ដិ៍ឈ្មោះប្រទេសជាតិលើឆាកអន្ដរជាតិឲ្យខ្ពស់ត្រដែត ដែលជាមូលហេតុចម្បង លើកទឹកចិត្ដទេសចរទូទាំងពិភពលោក ទំាងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសមហាអំណាច និងមហាអំណាចសេដ្ឋកិច្ចធំៗ ធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច រហូតដល់គេបានយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលធ្វើជាអ្នកដឹកនំាកិច្ចប្រជុំអន្ដរជាតិធំៗទៀតផង។
អ្វីដែលយើងកំពុងរៀបរាប់មកនេះ គេត្រូវចំាឲ្យច្បាស់ថា គឺមានតែគណបក្សកាន់អំណាចតែមួយគត់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសមួយនេះ ទន្ទឹមនឹងគណបក្សប្រឆំាងដែលបាន និងកំពុងធ្វើព្យុះធ្វើផ្គរ ទំាងក្នុងនិងក្រៅប្រទេស ធ្វើឲ្យមានចលាចលកេណ្ឌប្រជាជន អ្នកស្រែចំការ យុវជន សិស្ស និស្សិត កម្មករ ឲ្យធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល អស់រយៈពេល១ឆ្នាំគត់ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែកក្ដដា ឆ្នាំ២០១៣រហូតស្រែកទាមទារប្រទេសដៃគួរបស់រាជរដ្ឋាភិបាលនានា ឲ្យផ្ដាច់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ទៀតផង។
ជាសរុប ក្នុងបរិការដូចបានរៀបរាប់ខាងលើ ខណៈដែលពលរដ្ឋទូទៅត្រៀមធ្វើពិធីរំឭកនូវអ្វីៗដែលបានធ្វើនៅឆ្នាំ២០១៥ ដើម្បីឈានចូលដល់ឆ្នាំ២០១៦ គឺគេបានឃើញច្បាស់ណាស់ថា រាជរដ្ឋាភិបាលជាអ្នកស្ថាបនា រីឯបក្សប្រឆំាងបានត្រឹមតែយកជើងរាទឹកតែប៉ុណ្ណោះ៕