លោកប៉ា សុជាតិវង្ស ៖ ខ្ញុំមិនយល់រឿង​ពុករលួយ នៅមជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ អ្នកចង់ចូល​ធ្វើការ​ត្រូវចំណាយ​ថវិកាពី១០០០ ដល់៥០០០ដុល្លារ 

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅក្នុងមជ្ឈមណ្ឌល «ឱកាសខ្ញុំ» បានរៀបចំពិធីតែងតាំង និងប្រគល់ភារកិច្ច ប្រធានមជ្ឈមណ្ឌល​ «ឱកាសខ្ញុំ»លោកស្រី មុំ ចាន់ដានី ប្រធានជំនួស លោក អ៊ូ សុីផាណារិទ្ឋ ដែលត្រូវចូលនិវត្តន៍។ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត ។

មជ្ឈមណ្ឌល «ឱកាសខ្ញុំ» ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានទទួលព្យាបាល អ្នកញៀនថ្នាំ ជាង១មឺុននាក់ ។

នៅក្នុងឱកាសនោះផងដែរ លោក ប៉ា សុជាតិវង្ស ក៏បានធ្វើការជំរុញឲ្យ ប្រធានមជ្ឍមណ្ឌលឱកាសខ្ញុំ ត្រូវធ្វើយ៉ាងណាត្រូវលុប បំបាត់ការរិយាល័យធិតេយ្យ នៅ អង្គភាព ក្រោមឱវាទរបស់ខ្លួន ជាពិសេសត្រូវដាក់តារាងតម្លៃ នៃការផ្ដល់សេវាអោយ បានគ្រប់ច្រកចេញចូល ជៀស វាងការចោទប្រកាន់ថា មន្រ្ដីនៅទីនេះ យកលុយ ថ្លៃសេវាលើសពីច្បាប់ បានកំណត់ឬក៏ចោទថា អាមន្រ្ដីប្រព្រឹត្តអំពើ ពុករលួយជាដើម ។

លោក ប៉ា សុជាតិវង្ស បានទម្លាយរឿងពុករលួយ ដែលកើតមានឡើង នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ គឺ អ្នកចង់ចូលធ្វើការត្រូវចំណាយលុយពី១០០០ ដល់៥០០០ដុល្លារ ។

ខ្ញុំមិនយល់ថា នៅក្នុងមណ្ឌលនេះ បើអ្នកចង់មកធ្វើការនៅក្នុងមណ្ឌល ត្រូវចំណាយលុយ ចាប់ពី១០០០ដុល្លារ ដល់ ៥០០០ដុល្លារ? ថាតើការចំណាយនេះ បានអ្វីមកវិញ ខណ:បានធ្វើការនៅក្នុងមណ្ឌលនេះ?។ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា «អស់លោក លោកស្រីត្រូវចាំគ្មាន អាណាព្យាបាលណាម្នាក់ គេសប្បាយចិត្តនឹងយើង ដែលចេះតែត្អូញត្អែរ សុំតែលុយ ខណ:កូនចៅគេអត់កែប្រែ ផ្តាច់ញៀនមិនបាន នៅតែជាប់ញៀននោះទេ គេយកកូនក្មួយមកឲ្យយើងជួយផ្តាច់ញៀន តែយើងធ្វើមិនបាន តើយើងបើកមណ្ឌលនេះធ្វើអ្វី?» ។

សម្រាប់ការងារនៅមជ្ឈមណ្ឌលមួយនេះ លោក ប៉ា សុជាតិវង្ស បានផ្តាំផ្ញើដល់លោកស្រី មុំ ចាន់ដានី ដែលមកកាន់តំណែង ជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងមន្ត្រីទាំងអស់ ឲ្យក្លាយជាកម្លាំង និងជាការលើកទឹកចិត្ត ឲ្យដល់ការដឹកនាំសាលារាជធានីភ្នំពេញ ក្នុងបេសកកម្មកែប្រែ ស្តារនិតិសម្បទា។ ដូច្នេះសូមលោកស្រីប្រធាន និងអនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិកទាំងអស់ ត្រូវមានមោទនភាព ដែលបានមកនៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ចំពោះការងារ ដែលលោកស្រីបានបំពេញ សម្រាប់ជួយសង្គ្រោះដល់ កូនចៅប្រជាពលរដ្ឋ ដែលបានយកផ្ញើនៅក្នុងមណ្ឌល គឺធ្វើយ៉ាងណាជួយឲ្យ ចាកផុតពីការញៀននូវគ្រឿងញៀន និងមានជំនឿថា បងប្អូនដែលបានចាកចេញពី មណ្ឌលត្រឡប់ទៅផ្ទះវិញ ថាមិនត្រឡប់មកជាលើកទី២នោះទេ ។

លោកប៉ា សុជាតិវង្ស បានលើកឡើងទៀតថា យើងជាមន្ត្រី ត្រូវប្រាស្រ័យទាក់ទង ជាមួយអាណាព្យាបាល មុននឹងឲ្យកូនក្មួយរបស់ គេចេញថា តើអាចធានាថា មិនត្រឡប់មកមណ្ឌលជាលើកទី២ ជាដាច់ខាត មិនមែនជួបអាណាព្យាបាល ដើម្បីត្អូញត្អែរសុំលុយ សុំអង្ករពីគេ ដោយមិនបាន និយាយពីការងារដែលត្រូវធ្វើការកែប្រែ ស្តារនិតិសម្បទា អ្នកញៀន ពីលទ្ឋផលដែលកូន គេមកស្នាក់នៅក្នុងមណ្ឌល ដើម្បីផ្តាច់ញៀន តែបែរគិតពី ត្អូញត្អែរ ដើម្បីឲ្យគេធ្លាក់លុយមកនោះទេ ៕

...

ដោយ៖ សំរិត 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print