ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចតែងលើកនូវឃ្លាមួយថា «ការខ្ចីលុយមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ឱ្យតែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុន សម្រាប់លូតលាស់ទៅមុខ ហើយ កុំភ្លេចសងគេវិញ ដូចកាលមកខ្ចី »។
ផ្ទុយទៅវិញនៅពេលនេះ មានរឿងហួសចិត្ត ខណៈកូនបំណុលបានប្រើវត្ថុរឹង គប់ និង ប្រើហិង្សាវាយទាត់ធាក់ទៅលេីម្ចាស់បំណុល ដែលបានឲ្យខ្ចីលុយ ហើយត្រូវចំណាយទាំងកម្លាំងកាយ និងពេលវេលាធ្វេីដំណើរពីឆ្ងាយមកទារយកលុយរបស់ខ្លួនចំនួន១ពាន់ដុល្លារវិញ ។
ដូចឃើញនៅក្នុងរូបភាពខាងក្រោមនេះជាក់ស្តែង ត្រូវបានប្រភពភ័ព៌មានអោយដឹងថា ស្ត្រីជាថៅកែហាងបាយ និងគុយទាវ យីហោ” អ៊ូរីករាយ” ត្រូវបានកម្លាំងនគរបាលខណ្ឌព្រែកព្នៅចាប់ឃាត់ខ្លួនចាត់ការតាមនីតិវិធី ខណៈស្រ្តីជាម្ចាស់បំណុលបានមកទារលុយវិញ ដែលជនដៃដល់ជំពាក់ចំនួន១ពាន់ដុល្លារមិនព្រមសង ក៏កើតមានទំនាស់ពាក្យសំដីគ្នា រហូតស្ត្រីជាថៅកែហាង(ជនដៃដល់)បានយកកំប៉ុងដាក់ ស្លាបព្រាសម និងចង្កឹះ បានគប់ទៅលើម្ចាស់បំណុល ថែមទាំងវាយទាត់ធាក់ទៅលើនារីជាម្ចាស់បំណុលឡើងទ្រាមខ្លួន និងទទួលបាន ភាពអាម៉ាស់ទៀត ។
ករណីហិង្សាខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងបាយនិងគុយទាវមួយកន្លែងយីហោ”អ៊ូរីករាយ” តាមបណ្តោយមហាវិថីឈ្នះឈ្នះ ជាប់វត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ៕