ស៊ីរីជាប្រទេសចុងក្រោយបង្អស់ ដែលរងឥទ្ធិពលនៃពីបដិវត្តន៍និទាឃរដូវ ឬហៅថាបដិវត្តន៍ផ្កាម្លិះដែលចាប់ផ្តើមឡើងនៅក្នុងប្រទេសទុយណេស៊ី ហើយរាលដាលជាច្រើនប្រទេសនៅក្នុងតំបន់ ក្នុងនោះមានស៊ីរីផងដែរ ។ នៅពេលនេះតួកគី បានចាប់ផ្តើម យុទ្ធនាការសន្តិភាព និទាឃរដូវ ដែលជាសកម្មភាព បញ្ចប់បដិវត្តន៍និទាឃរដូវ ។
កម្លាំងទាហានតួកគី បាន បើកការវាយប្រហារទៅលើទីតាំង ១៨១ កន្លែងនៅក្នុងទឹកដីប្រទេសស៊ីរី។ ការវាយប្រហារសំដៅទៅលើទីតាំងកម្លាំងទាហានក្រុមជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី ។យុទ្ធនាការវាយប្រហារខាងលើ របស់តួកគីមានឈ្មោះថា «និទាឃរដូវនៃសន្តិភាព» ។
សារព័ត៌មាន TASS របស់រុស្ស៊ី នៅព្រឹកថ្ងៃទី ១០ខែតុលាបាន ដកស្រង់សំដី មេបញ្ជាការកងទ័ពតួកគី បញ្ជាក់ថា កម្លាំងទាហានបានបើកការវាយប្រហារដោយរ៉ុក្កែត ទៅលើទីតាំង១៨១ កន្លែង នៅក្នុងទឹកដីស៊ីរី ។ទីតាំងទាំងនោះ ត្រូវបានតួកគីចាត់ទុកថាជា កន្លែងលាក់ខ្លួនក្រុមភេរវកម្ម។
គៅលដៅនៃការវាយប្រហារ គឺស្ថិតនៅទីក្រុង Qamishli ស្រុក Ras Al Ayn និងតំបន់ជនបទ Hasaka ដែលជាដំបន់គ្រប់គ្រងដោយ ក្រុមជនជាតិឃឺដ។
តាមការលើកឡើងរបស់អង្គការសិទ្ធិមនុស្សស៊ីរី បានបញ្ជាក់ថា មានពលរដ្ឋស្លូតត្រង់ ១៥នាក់ស្លាប់ និងជាង៤០នាក់រងរបួសនៅក្នុងការវាយប្រហារខាងលើ។
ក្រោយការវាយប្រហារតាមដែនអាកាស តួកគីបានចាប់ផ្តើម ប្រើប្រាស់កម្លាំងទាហានថ្មើជើងវិញម្តង។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពវាយប្រហាររបស់ប្រទេសតួកគី ដោយចាត់ទុកថានោះជាសកម្មភាពដើរផ្ទុយពីការចង់បានរបស់សហគមន៍អន្តរជាតិ។
ក្រសួងការពារជាតិតួកគី បានប្រកាស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ថា កម្លាំងប្រតិបត្តិការសន្តិភាពនិទាឃរដូវ បានចាប់ផ្តើមធ្វើសង្រ្គាម ប្រឆាំងនឹងក្រុមឧទ្ទាម PKK/YPG និងក្រុម Daesh ស្ថិតនៅភាគឦសាន នៃប្រទេសស៊ីរី។ រហូតមកដល់ពេលនេះ កងកម្លាំងតួកគី បានឆ្លងដែន នៃប្រទេសស៊ីរី ចូលតាមច្រកភាគខាងជើង នៃប្រទេសនេះ។
យន្តហោះចម្បាំងរបស់តួកគី បានវាយប្រហារទីក្រុងនានា យ៉ាងហោចណាស់ចំនួន៤ ស្ថិតនៅក្នុងខេត្ត Hasakah និងទីក្រុងចំនួនពីរ ស្ថិតក្នុងខេត្ត Raqqa នៃប្រទេសស៊ីរី។ លើសពីនេះទៀត យន្តហោះចម្បាំងតួកគី នៅវាយប្រហារបំផ្លាញទីតាំងផ្គត់ផ្គង់អគ្គិសនី និងទីតាំងផ្គត់ផ្គង់ទឹក ជាពិសេសបំផ្លាញទំនប់ទឹក នាភាគខាងជើង នៃទីក្រុង Al-Malikiyah ផងដែរ ។
តួកគី បានចាត់ទុកកងកម្លាំងជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរីថា ជាផ្នែកមួយ នៃកងកម្លាំងបន្ថែមរបស់គណបក្សពលករឃឺដ (PKK) ដែលតួកគីចាំបាច់ត្រូវកម្ទេចចោល។ ទីក្រុងអង់ការ៉ា បានចាត់ទុកក្រុមនេះ ជាពួកភេរវករ។ អង្គភាពការពារប្រជាជន (YPG) ជាស្លាកប្រដាប់អាវុធរបស់គណបក្សនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារពីលើដែនអាកាស និងកាំភ្លើងធំទៅលើទីតាំងក្រុមជីវពលជនជាតិឃឺដ នោះមក រហូតមកដល់ពេលនេះ ទាហានតួកគី បានចាប់ផ្តើមដំណាក់កាលថ្មីមួយទៀត គឺ «ប្រតិបត្តិការសន្តិភាពនិទាឃរដូវ» ។ តួកគី បានតម្រង់ ទិសប្រតិបត្តិការយោធា នៅភាគខាងជើង នៃប្រទេសស៊ីរី ដែលហែកហួរគ្នា ដោយសារសង្គ្រាម។
ពិភពលោកអំពាវនាវឲ្យរក្សាការអត់ធ្មត់ ក្រោយតួកគីវាយប្រហារជនជាតិឃឺដ
យុទ្ធនាការវាយប្រហារ ទៅលើប្រទេសស៊ីរី របស់តួកគី ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីរសហគមន៍អន្តរជាតិ ។ នៅថ្ងៃទី១០ខែតុលានេះ អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយស្តីពី សកម្មភាពយោធារបស់តួកគី ។
ប្រទេសនៅជុំវិញពិភបលោក បានថ្កោលទោសយ៉ាងខ្លាំង ដល់ សកម្មភាពយោធាខាងលើ ។ ពេលថ្មីៗប្រទេស អូស្ត្រាលី អារ៉ាប៊ី សាអូឌីត និងប្រទេសតំបន់អាស៊ីបានថ្កោលទោសយ៉ាងខ្លាំង។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសយ៉ាងខ្លាងចំពោះការវាយលុករបស់តួកគី ប្រឆាំងនឹងកងកម្លាំងឃឺដ នៅភាគខាងជើង នៃប្រទេសស៊រី។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចាត់ទុកថា នេះ គឺជាការឈ្លាពានខាងយោធារបស់ប្រទេសតួកគេទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។
ក្រសួងការបរទេស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងទៀតថា ប្រតិបត្ដិការយោធាទៅលើតំបន់ភាគខាងជើង នៃប្រទេសស៊ីរី ប្រឆាំងនឹងក្រុមឃឺដនេះ គឺជាការគំរាមកំហែងដល់សន្ដិសុខ នៅក្នុងតំបន់ និង បំផ្លាញចោលនូវកិច្ចខិតខំប្រឹងប្រែង នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ Daesh ។ ការវាយប្រហារនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើចំពោះឯកភាព ឯករាជភាព និងអធិបតេយ្យភាព នៃទឹកដីស៊ីរី។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានជំរុញឲ្យមានការថ្កោលទោសជាលក្ខណៈអន្ដរជាតិជុំវិញការសកម្មភាពយោធារបស់ប្រទេសតួកគី។
ជាមួយគ្នានេះដែរ ប្រទេសអារ៉ាប់រួម (UAE) និងប្រទេសបារ៉ែន ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រកាសធ្វើសង្គ្រាមរបស់តួកគី នៅភាគខាងជើង នៃប្រទេសស៊ីរី។ ប្រទែសអារ៉ាប់ទាំងនេះ បានស្នើឲ្យមានការគាំទ្រនូវការអំពាវនាឲ្យមានកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាអារ៉ាប់ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់តួកគីទៅលើប្រទេសស៊ីរី។
កម្លាំងយោធារបស់ប្រទេសតួកគី បានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងពួកឧទ្ទាម ស្ថិតនៅភាគខាងជើង នៃប្រទេសស៊ីរី។ ក្រសួងការពារជាតិតួកគី បានហៅសមរភូមិនេះ ជា «ប្រតិបត្តិការសន្តិភាពនិទាឃរដូវ» ៕