កិច្ចពិភាក្សា រវាងគណៈប្រតិភូ អាមេ៉រិក និងកូរ៉េខាងជើង នៅក្នុងប្រទេសអ៊ុយអែត បរាជ័យ បានធ្វើឲ្យភាគីកូរ៉េខាងជើង ខកចិត្តយ៉ាងខ្លាំង ដោយអាមេ៉រិក មិនបានត្រៀមលក្ខណៈចាត់ទុក កិច្ចពិភាក្សា ជាការលេងសើច។
សារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩នៅពេលនេះកូរ៉េខាងជើងផ្ញើសារទៅអាមេ៉រិកថា ការអត់ធ្មត់របស់ខ្លួនមានដែនកំណត់ ហើយអាចនឹងពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការស្ដារទំនាក់ទំនង និងទំនុកចិត្តជាមួយសហរដ្ឋអាមេ៉រិក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានថ្កោលទោសការធ្វើតេស្ដមីស៊ីលរបស់សហរដ្ឋអាមេ៉រិក កាលពីពេលថ្មីៗនេះ ព្រមទាំងរិះគន់ការអំពាវនាវពីក្រុមប្រឹក្សាសន្តិសុខ UN ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរផងដែរ។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «ការអត់ធ្មត់របស់យើងមានដែនកំណត់ ហើយក៏គ្មានច្បាប់ណាមួយចែងពីការអត់ធ្មត់របស់យើងដែរ… ប៉ុន្តែការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសិទ្ធិការពារខ្លួនឯងអាចនឹងជំរុញឱ្យពួកយើង ពិចារណាឡើងវិញពីការស្ដារទំនាក់ទំនង និងទំនុកចិត្តជាមួយអាមេ៉រិក»។
គួរបញ្ជាក់ថា ក្រសួងការបរទេសកូរ៉េខាងជើងមិនបានបញ្ជាក់លម្អិតថា នឹងចាត់វិធានការបែបណានោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើការធ្វើតេស្ដ មីស៊ីលបាលីស្ទីកអន្តរទ្វីប (មីស៊ីលផ្លោងឆ្លងទ្វីប) ប្រភេទមីនុតមែន-៣ (Minuteman III) ពីសំណាក់កងទ័ពអាមេ៉រិកកាលពីសប្ដាហ៍មុន៕ ធី រីណា