ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបែកក្បាលហូរឈាមសស្រាក់ ដេកសន្លប់ស្តូកនៅនឹងកន្លែង គ្រា បន្ទាប់ពីរូបគេបានជិះម៉ូតូវ៉ាម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យទាក់ដៃចង្កូតគ្នាដួល កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅតាមផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលរងរបួសខាងលើត្រូវបានគេស្គាល់ឈ្មោះ ចំរើន រស់ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកភាគីម្ខាងទៀតឈ្មោះ ហេង គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ និងឌុបប្អូនម្នាក់ទៀតឈ្មោះ អ៊ិវ អាយុ២៥ឆ្នាំ ជាកម្មករសំណង់ដូចគ្នា ស្នាក់នៅភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សាក្សីដែលឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេបានជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដា C125 សេរី2010 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញAP-5310 ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានវ៉ាម៉ូតូ១គ្រឿងទៀតម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-7058 ជិះគ្នា២នាក់ ធ្វើដំណើរស្របទិសគ្នា ស្រាប់តែទាក់ដៃចង្កូតគ្នា បណ្តាលឲ្យដួល រងរបួសបែកក្បាលម្នាក់ និង២នាក់ទៀតរបួសស្រាល។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ។ ដោយឡែកម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ៕ វិបុល