ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាមេខ្លោងចោរប្លន់ ចែកចាយគ្រឿងញៀន និងកាច់សោ.កម៉ូតូ ។
កាលពីម៉ោងជាង៣រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចបន្ទប់ជួលលេខ អា២ ស្ថិតនៅក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា និងនៅបន្ទប់លេខអា៩ ស្ថិតក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។
ជនសង្ស័យទាំង២នេះ ម្នាក់ឈ្មោះ ស៊ុន សុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ទាំង២ខាងលើនេះ និងម្នាក់ទៀតឈ្មោះ លន់ ស៊ីណា ភេទស្រី អាយុ៣១ឆ្នាំ។ មុខសញ្ញាឈ្មោះស៊ុន សុង ធ្លាប់ជាប់គុក ទើបតែចេញបាន២ខែ និងជាមុខសញ្ញា ប្លន់ កាច់.កម៉ូត និងលក់ថ្នាំញៀនផងដែរ។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ ជួញដូរនៃមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយនៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចរបស់លោកបានដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំ (២ជី) និងជញ្ជីងថ្លឹងគ្រឿងញៀន១ និងសម្ភារៈ មាន ស្លាកលេខម៉ូតូ មានកាតគ្រីម៉ូតូ ព្រមទាំងម៉ូតូចំនួន៣គ្រឿងផងដែរ ដែលសុទ្ធសឹងតែជាស៊េរីទំនើបៗ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងសាកសួររួចមកបានប្រាប់ថាបានជួលផ្ទះនៅម្តុំបឹងត្របែក ទើបកំលាំងសមត្ថកិច្ចបន្តទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ២នាក់ប្តីប្រពន្ធនេះក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនបន្តទៀត ៕
ដោយ៖ ជ្រោយពេជ្រ