ភ្នំពេញ៖ រថយន្តដឹកកំទេចជ័រសម្រាប់ផលិតសំបកទឹកបរិសុទ្ធមួយគ្រឿង ដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបានរេចង្កូតទៅបុកបង្គោលភ្លើងបេតុងពេញទំហឹង ធ្វើឲ្យធ្លាប់ប្រអប់កាប៊ីនភ្លើងដាច់ភ្លើងមួយចំហៀងភូមិ បណ្តាលឲ្យរបួសធ្ងន់៣នាក់និងស្រាល២នាក់ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខផ្ទះលេខ១៧៧ យីហោសហគ្រាសផលិតទឹកពិសារដបវីស្សាកា ផ្លូវលេខ369 ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
អ្នកដែលរងរបួសដោយសារហេតុការណ៍នេះ មានទី១-ឈ្មោះផន រ៉ា ភេទប្រុស អាយុ២៣ឆ្នំា មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងរោងចក្រផលិតដប ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានស្រុកកំនើតនៅស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសបាក់ដៃខាងឆ្វេង និងបែកក្បាលធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះចេង វុតធា ភេទប្រុស មុខរបរសន្តិសុខ ស្នាក់នៅក្នុងរោងចក្រផលិតដប សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានស្រុកកំនើតនៅភូមិព្រៃពូជ ឃុំព្រៃពូជ ស្រុកអង្គស្នួល ខេត្តកណ្ដាល រងរបួសបាក់ជើងខាងឆ្វេង និងបែកក្បាលពីក្រោយរបួសធ្ងន់ និងអ្នកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់ឈ្មោះ និងរបួសស្រាល២នាក់ក៏មិនស្គាល់អត្តសញ្ញាណដែរ ។
ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ានដាយពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y 2073 ជិះគ្នា៥នាក់ អ្នកបើកបរនិងកម្មករ បើកចេញពីសិប្បកម្មគោលបំណងទៅដឹកកំទេចជ័រនៅម្តុំរោងចក្រស្រាបៀរដៃហ្គ័រ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ខណៈលើកកំទេចជ័រ ដាក់ក្នុងរថយន្តរួចរាល់ហើយ អ្នកបើកបរនិងកម្មករបាននាំគ្នាផឹកស៊ីនៅកន្លែងលក់ស្រាមួយកន្លែងស្រវឹងហើយទើបបើករថយន្តត្រឡប់ទៅសិប្បកម្មវិញ ដោយធ្វើដំណើរតាមផ្លូវ ៣៦៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿននិងស្រវឹង ព្រមទាំងស្រែកហ៊ោកញ្រ្ចៀវតាមផ្លូវ ដោយជិះក្នុងកាប៊ីន២នាក់ និងអង្គុយលើកំទេចជ័រនៅខាងក្រោយ៣នាក់។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងស្តាំបុកបង្គោលភ្លើងបេតុងពេញទំហឹង អូសរថយន្តមួយចំហៀងខាងស្តាំធ្វើឲ្យបែក និងរបើកទ្រុងមួយចំហៀងខាងស្តាំធ្លាក់បាវកំទេចជ័រធ្វើឲ្យ រថយន្តផ្អៀងមួយចំហៀងខាងស្តាំហើបកង់មុខ ធ្វើឲ្យអ្នកបើកបរ អ្នកអង្គុយក្បែរ និងអ្នកអង្គុយខាងក្រោយលើបាវកំទេចជ័រម្នាក់រងរបួសធ្ងន់ ចំណែក២នាក់ទៀតរងរបួសស្រាលបានរត់គេចខ្លួនអស់ ។
ហេតុការណ៍ខាងលើនេះ ពេលដែលរថយន្តបង្កបើកបុកបង្គោលភ្លើង ធ្វើឲ្យធ្លាក់ប្រអប់កាប៊ីនភ្លើងចំនួន៣ប្រអប់ ធ្វើឲ្យដាច់ចរន្តអគ្គិសនីមួយចំហៀងភូមិ ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានដឹកតាមម៉ូតូកយកទៅព្យាបាលនៅមន្ទីរ ពេទ្យនៅក្រុងតាខ្មៅ និង២នាក់ទៀតត្រូវរថយន្តសង្គ្រោះបង្អែកមានជ័យដឹកយកទៅព្យាបាល តែស្ថានភាពធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកេតុមាលា ។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕
ដោយ៖ វិបុល