ភ្នំពេញ៖ ខ្មាន់កាំភ្លើងពីរនាក់មិនដឹងមានរឿងអីជិះម៉ូតូមកដល់កន្លែងស្ងាត់ ស្រាប់តែដកកាំភ្លើងខ្លី ពីចង្កេះបាញ់មេឃ២គ្រាប់បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងដេកលង់លក់ទាំងកណ្តាលយប់ រួចនាំគ្នាជិះម៉ូតូទៅបាត់មិនខ្វល់ថា ពីសមត្ថកិច្ចតាមចាប់ខ្លួននោះឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ធ្នូ ២០១៥ នៅមុខបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលការបាញ់នេះខ្លះថា មកពីពួកគាត់ចេញពីផឹកស៊ីស្រវឹងចង់បាញ់ស្តារកាណុង តែខ្លះទៀតថា គាត់បាញ់ចង់ដឹងសមត្ថភាពសមត្ថកិច្ចមូលដ្ឋាន តើហ៊ានចាប់ពួកគាត់ដែរទេ ?
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហតុ គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខបានជិះមកដល់មុខបុរីកីឡា ហើយក៏បានឈប់ម៉ូតូមិនដឹងរឿងអីស្រាប់តែទាញកាំភ្លើងខ្លីមិនស្គាល់ម៉ាកពីចង្កេះអាម៉េបាញ់គំរាមមេឃ២គ្រាប់ឮសូរ ផាំង ផាំង បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលស្នាក់នៅក្បែរកន្លែងកើតហេតុរត់ចេញ មកមើលគ្រប់គ្នា ព្រោះនឹកស្មានថា ជាអំពើប្លន់ប្រដាប់អាវុធ តែពេលបុសនោះជិះម៉ូតូទៅបាត់មិនឃើញមានអ្វីកើតឡើង ទើបនាំគ្នាសន្និដ្ឋានថា ប្រហែលបុរសទាំងពីរនាក់មានកំហឹងជាមួយមេឃ បានជាគាត់បាញ់ ស្រាយកំហឹង ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានត្រឹមមើលនាយអាយមួយភ្លែតមិនឃើញកើតមានអីក៏ជិះម៉ូតូត្រឡប់ទៅវិញអស់ទៅ ។
ទោះយ៉ាងណាប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថា នេះមិនមែនជាលើកទី១ ទេដែលកើតមានផ្ទុះអាវុធនៅ កន្លែងកើតហេតុខាងលើនេះ ការពិតកើតមាន ២ទៅ៣លើកទៅហើយតែសមត្ថកិច្ចមូលដ្ឋានមិនដែលចាប់បានក្រុមខ្វាន់កាំភ្លើងទាំងនោះឡើយ ៕
ដោយ៖ ប្រាថ្នា