ភ្នំពេញ៖ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខ័ណ្ឌសែនសុខ បានផ្ញើសាលើFacebook ផ្លូវការក្នុងគោលបំណងជួយផ្តាំផ្ញើដល់ប្រជាពលរដ្ឋបានដឹង ត្រូវប្រុងប្រយ័ត្ននូវ ល្បិចជនទុច្ចរិតមានរូបភាពប្រព្រឹត្តបទល្មើសប្លែកៗបំផុត ងាយអោយយើងរងគ្រោះ គ្រោះថ្នាក់។ ក្នុងនោះលោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា៖ សូមបងប្អូនត្រូវមានការប្រុងប្រយត្ន័ពេលដែលចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ជនល្មើសបានប្រើរូបភាពថ្មី ធ្វើជាអ្នករត់តាក់ស៊ី ដឹកភ្ញៀវ តែមកកន្លែងស្ងាត់ ប្រាប់បក្សពួករបស់គេចេញមកធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះ ។
លោកបន្តថា៖ ជាក់ស្តែងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៥០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(គ្រៀកលូកយកលុយ) នៅចំណុចតាមផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អុរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៣នាក់ (គេចខ្លួន០២នាក់ ឈ្មោះ ធី វ់ាន់ និងឈ្មោះ វុធ) ។ ឃាត់ជនសង្ស័យ ១នាក់ ឈ្មោះ សឿន ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានគ្រៀកលូកយុកលុយ របស់ជនរងគ្រោះឈ្មោះ WANG JIAGI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ ផ្ឡូវមិន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូញពេញ កាន់លិខិតឆ្លងដែនលេខEC8024965។ សម្ភារៈបាត់បង់ ៖ លុយដុល្លា៥៥៣២ដុល្លា , លុយខ្មែរ១៥០.០០០រៀល , ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនXR ។ សម្ភារៈដកហូត ៖ រថយន្ត០១២គ្រឿង ម៉ាកTOYOTA camry ពណ៌ទឹកមាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ2AM-3510 , លុយដុល្លា១៦៦៨ដុល្លា និងលុយខ្មែរ ១៥០.០០០រៀល ។
លោកអធិការបន្តថា៖ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
ដោយ៖ ច័ន្ទ ល័ក្សុី