ប្រភពព័ត៌មានពីកងកម្លាំងយោធាហ្វីលីពីនបានបញ្ជាក់ថា កម្លាំងយោធារបស់ប្រទេសនេះបានប៉ះទង្គិចដោយអាវុធជាមួយក្រុមខ្មាន់កាំភ្លើងដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មអាល់កៃដា និងដែលគេជឿថា ជាអ្នកចាប់ជនបរទេសធ្វើជាចំណាប់ខ្មាំង ។ ការប៉ះទង្គិចនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥បណ្តាលឲ្យក្រុមខ្មាន់កាំភ្លើងសកម្មប្រយុទ្ធ៨នាក់បាត់បង់ជីវិត រីឯខាងកម្លាំងរដ្ឋាភិបាលវិញ គឺទាហានម្នាក់បានស្លាប់ ក្នុងការប៉ះប្រយុទ្ធនេះ។
ការផ្ទុះអាវុធនេះបានកើតឡើងនៅជិតតំបន់ទីប្រជុំជន Patikul ជាតំបន់ដាច់ស្រយាលភាគខាងត្បូងដែនកោះ Jolo ។ ក្រុមឧទ្ទាមអិស្លាមជ្រុលនិយម Abu Sayyaf ត្រូវគេជឿជាក់ថា ជាអ្នកចាប់ធ្វើចំណាប់ខ្មាំងជនជាតិកាណាដា២នាក់, ជនជាតិហូល្លង់ម្នាក់ និងជនជាតិហ្វីលីពីនម្នាក់ ។
លោក Major Filemon Tan អ្នកនាំពាក្យកម្លាំងយោធាប្រចាំតំបន់បានថ្លែងថា ទាហានម្នាក់បានបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតរងរបួស ។ ប៉ុន្តែទោះបីយ៉ាងណា ប្រភពនេះមិនបានលាតត្រដាងព័ត៌មានណាមួយជុំវិញជោគវាសនាជនចំណាប់ខ្មាំងដែលត្រូវក្រុមឧទ្ទាមចាប់នោះឡើយ ហើយដែលពេលបច្ចុប្បន្ននេះត្រូវគេដឹងថា កំពុងស្ថិតនៅក្នុងកណ្តាប់ដៃក្រុមឧទ្ទាមនោះ ។
ប្រភពដដែលបានបន្តថា ក្រុមខ្មាន់កាំភ្លើង៨នាក់ ក្នុងចំណោមប្រហែល១០០នាក់ត្រូវបានសម្លាប់ ។ ប្រភពបន្ថែមថា ក្រុមខ្មាន់កាំភ្លើងទាំងនេះគឺជាក្រុមឧទ្ទាម Abu Sayyaf ដែលស្ថិតក្រោមការដឹកនាំរបស់ឈ្មោះ Hajan Sawadjaan ។
ក្រុមឧទ្ទាម Abu Sayyaf កាលពីខែមុនបានចេញផ្សាយវីដេអូមួយទាក់ទងអ្នកទេសចរណ៍សញ្ជាតិកាណាដា២រូប, ជនជាតិហុល្លង់ម្នាក់១ដែលជាម្ចាស់រមណីយដ្ឋាន និងអ្នកបកប្រែសញ្ជាតិហ្វីលីពីនម្នាក់ ដែលត្រូវក្រុមនេះចាប់ជំរិតនៅទីកន្លែងផ្សេងគ្នាស្ថិតនៅភាគខាងត្បូងហ្វីលីពីនកាលពីខែកញ្ញា ឆ្នាំ២០១៥ ។ ចំណាប់ខ្មាំងទាំងនេះត្រូវក្រុមឧទ្ទាមទាមទារប្រាក់លោះក្នុងម្នាក់២១លានដុល្លារ ជាថ្នូរក្នុងការដោះលែង ។
បុរសជនជាតិហុល្លង់ម្នាក់ផ្សេងទៀតដែលត្រូវចាប់ជំរិតនៅភាគខាងត្បូងហ្វីលីពីនកាលពីឆ្នាំ២០១២ ត្រូវគេជឿថា កំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងដែនកោះ Jolo នេះផងដែរ ។ ក្រុម Abu Sayyaf បានបង្កើតឡើងនៅចុងទសវត្សរ៍១៩៩០ ក្រោមការឧបត្ថម្ភលុយកាក់ដោយអតីតមេដឹកនាំក្រុមអាល់កៃដា អូស្មា ប៊ិនឡាឌិន ។ ក្រុមឧទ្ទាម Abu Sayyaf បានធ្វើសកម្មភាពចាប់ជនបរទេសដែលទៅកាន់ប្រទេសហ្វីលីពីនធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទារប្រាក់លោះរាប់សិបនាក់រួចមកហើយ ជាពិសេសនៅដើមឆ្នាំសហសវត្សរ៍ (ឆ្នាំ២០០០)នោះតែម្តង ។
ក្រុមឧទ្ទាមនេះត្រូវរដ្ឋាភិបាលទម្លាក់កំហុសថា ជាអ្នកដែលបានវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេស ដូចជាការបំផ្ទុះគ្រាប់បែកនៅលើស្រឡាងដឹកអ្នកដំណើរពីឈូងសមុទ្រទីក្រុងម៉ានីលក្នុងឆ្នាំ២០០៤បណ្តាលឲ្យស្លាប់មនុស្សជាង១០០នាក់ផងដែរ ។
ក្រុមឧទ្ទាមមួយនេះត្រូវគេដឹងថា មានគ្នាមិនច្រើនប៉ុន្មាននោះទេ ប៉ុន្តែសកម្មភាពរបស់ពួកគេមានឥទ្ធិពលបំផុតនៅតំបន់ភាគខាងត្បូងហ្វីលីពីន ដែលនៅទីនេះក្រុមឧទ្ទាមមូស្លីមបានប្រយុទ្ធរាប់ទសវត្សរ៍មកហើយ ដើម្បីបង្កើតទៅជាតំបន់ស្វយ័តងាយស្រួលក្នុងការគ្រប់គ្រងរបស់ខ្លួននោះ ។
កាលពីខែមុននេះ ក្រុមឧទ្ទាម Abu Sayyaf បានកាត់ក្បាលចំណាប់ខ្មាំងជនជាតិម៉ាឡេស៊ីមួយរូប ក្រោយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីបុរសអាយុ៧៤ឆ្នាំ ដែលមានសញ្ជាតិជាពលរដ្ឋកូរ៉េខាងត្បូង ហើយត្រូវចាប់ជំរិតកាលពីខែមករា ឆ្នាំ២០១៥នោះត្រូវបានគេរកឃើញសាកសព ដោយសារតែជំងឺដម្កាត់ស្ថិតនៅក្នុងដែនកោះ Jolo នេះផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត