ក្រុមហោរាសាស្ត្រមានភាពល្បីល្បាញនៅលើពិភពលោកបានព្យាករណ៍ពីស្ថានភាពដែលអាចកើតឡើងនៅក្នុងឆ្នាំ២០១៦ដែលបានចូលមកដល់នេះ។ ក្រុមអ្នកឯកទេសបានព្យាករណ៍ថានៅក្នុងឆ្នាំ២០១៦ស្ថានភាពនឹងប្រសើរជាងកាលពីឆ្នាំ២០១៥។
លោកRaymond Lo អ្នកហោរាសាស្ត្រដ៏ល្បីល្បាញរបស់ហុងកុងបានព្យាករណ៍ថា ឆ្នាំ២០១៦ នេះនឹងមិនសូវមានអំពើហឹង្សាដូចកាលពីឆ្នាំ២០១៥។ ការកាត់បន្ថយអំពើហឹង្សាគឺដោយសារតែប្រទេសមហាអំណាចបានព្រមព្រៀងគ្នាបញ្ចាប់វិវាទ ។ ប៉ុន្តែលោកបានព្យាករណ៍ថានិងមានអំពើហឹង្សាកើតឡើងនៅលើដែនសមុទ្រវិញម្តង ។ លោកបានបញ្ជាក់ថានៅឆ្នាំ២០១៦និងមានជម្ងឺអាសន្នរោគកើតឡើង ។នៅក្នុងខែកុម្ភខែឧសភានិងខែវិច្ឆិកា គឺជាខែដែលអាក្រក់បំផុតនៅក្នុងឆ្នាំ២០១៦។
ចំពោះសេដ្ឋកិច្ចវិញនៅក្នុងឆ្នាំ២០១៦នៅបន្តជួបផលលំបាកដដែល។ ការព្យាករណ៍ទាំងនោះដូចអ្វីដែលមូលនិធិរូបិយវត្ថុអន្តរជាតិIMP ប្រកាស។លោកស្រី Christine Lagarde នាយិកា IMF បានថ្លែងដោយប្រមើលទុកជាមុនថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០១៦ នឹងបន្តជួបការលំបាក។ ពាក្យសម្តីរបស់លោកស្រី Lagarde ត្រូវបានចុះផ្សាយនៅក្នុងទំព័រកាសែតសេដ្ឋកិច្ចប្រចំាថ្ងៃក្នុងប្រទេសអាល្លឺម៉ង់នាថ្ងៃពុធ ទី៣០ ធ្នូ។
មានចំណុចអវិជ្ជមានចំនួនពីរដែលលោកស្រី Christine Lagarde ហ៊ានអះអាងពីស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនល្អនៅឆ្នាំ ២០១៦ ខាងមុខ ទី១ គឺនយោបាយសេដ្ឋកិច្ចអាមេរិកដែលបានដំឡើងអត្រាការប្រាក់នាំមុខ និងទី២ គឺកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ។ ក្រៅពីនោះ នាយិកា IMF ក៏បានលើកឡើងពីភាពទ្រឹងមួយកន្លែងនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ស្ថានភាពសេដ្ឋកិច្ចមិនល្អនៅក្នុងបណ្តាប្រទេសមួយដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ដោយសារតែតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ថ្លៃ និងនយោបាយហិរញ្ញវត្ថុទន់ខ្សោយរបស់ប្រទេសជាច្រើនក្នុងលោក។ គឺកត្តារួមផ្សំទាំងនេះហើយដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០១៦។
ទន្ទឹមគ្នានេះ លោកស្រី Christine Lagarde ក៏បានឆ្លៀតសាទរពីការផ្តើមមានភាពប្រក្រតីនៃនយោបាយហិរញ្ញវត្ថុនៅអាមេរិក និងកំណែទម្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិនដែលផ្តោតសំខាន់លើតម្រូវការក្នុងស្រុក។ គួរជម្រាបជូនថាកាលពីថ្ងៃទី១៦ ធ្នូកន្លងទៅ ក្រសួងសេដ្ឋកិច្ចអាមេរិកបានសម្រេចចិត្តដំឡើងអត្រាការប្រាក់នំាមុខជាលើកទី១ គិតតាំងពីជិត ១០ឆ្នាំកន្លងទៅ។ សម្រាប់លោកស្រី Christine Lagarde ការដំឡើងអត្រាការប្រាក់នាំមុខរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកបានជះឥទ្ធិពលអវិជ្ជមានដល់ធនាគាររបស់ប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ និងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសអ្នកដែលខ្ចីលុយ។
លោកស្រីនាយិកា IMF បានយល់ឃើញថា ទោះបីជាមានប្រទេសខ្លះបានត្រៀមខ្លួនទុកជាមុនដើម្បីប្រឈមមុខនឹងការដំឡើងអត្រាការប្រាក់នាំមុខរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកក៏ដោយ ក៏លោកស្រីបារម្ភចំពោះលទ្ធភាព និងសមត្ថភាពរបស់ប្រទេសខ្លះដែលពិបាកទប់នឹងនយោបាយរូបិយវត្ថុយ៉ាងគំហុករបស់អាមេរិករបៀបនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី