ហ្សាការតា៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយ លោក
ហោ ណាំបូរ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារជាមួយ លោក YB BAPAK H. FACHR UL RAZI រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា នៃសាធារណរដ្ឋឥណ្ឌូណេសុី នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃព្រហ ស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី៣១ តុលា ឆ្នាំ២០១៩ ។
ក្នុងកិច្ចពិភាក្សានេះដែរ លោក YB BAPAK H. FACHR UL RAZI រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា នៃសាធារណរដ្ឋឥណ្ឌូណេសុី ក៏បានជំរុញ ផ្តល់ឯកសារគតិយុត្តផ្លាស់ប្តូរបទ ពិសោធន៍ និងបណ្ដុះបណ្ដាល និតិវិធីនៃការគ្រប់គ្រង បច្ចេក ទេស និងសហការគាំទ្រ វិស័យស្តង់ដារឧស្សាហកម្មហាឡាល់ការគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) ការគ្រប់គ្រងហ្សាកាត់(ការបរិច្ចាគទាន) ប្រព័ន្ធសិក្សាធិការឥស្លាម និងសន្យាបន្តផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាតាមសកលវិទ្យាល័យនានានៅសាធារណរដ្ឋឥណ្ឌូណេសុី។
លោករដ្ឋមន្ត្រី បានអបអរសាទរដល់សហគមន៍ឥស្លាមកម្ពុជា ដែលបានរួមរស់ប្រកបដោយសុខសន្តិភាព និងសុខដុមបនីយកម្មជាតិសាសន៍ ដោយគ្មានការរើសអើង និងគោរពស្រលាញ់គ្នា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមានតំណាងសហគមន៍ឥស្លាមនៅ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធិសេរីភាព យ៉ាងពេញលេញខាងជំនឿសាសនា ធ្វើឱ្យមេដឹកនាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនានៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រុយណេ និងសិង្ហបុរី ហៅកាត់ថា MABIMS បានឯកភាពជាឯកច្ឆ័នក្នុងការបញ្ចូលកម្ពុជា តំណាងដោយ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាសមាជិក (MABIMS) ក្នុងគោលបំណងដើម្បីឱ្យកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនង រិតចំណងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាកិច្ចការឥស្លាមទូទៅ។
តាមលក្ខន្តិកៈរបស់ MABIMS ប្រទេសសមាជិក មិនត្រូវជ្រៀតជ្រែកកិច្ចការនយោនបាយគ្នាទៅវិញទៅមក ព្រោះក្នុង ១ឆ្នាំ មានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ និងជំនួបថ្នាក់រដ្ឋមន្ត្រីកិច្ច ការសាសនាក្រៅផ្លូវការ ២ឆ្នាំម្តង ដោយឆ្នាំ ២០២០ ឥណ្ឌូ ណេស៊ីជាប្រធាន និងជាម្ចាស់ផ្ទះ។
លោក YB BAPAK H. FACHRUL RAZI រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូណេសុី បានផ្តាំផ្ញើរ ដោយក្តីគោរពនិងនឹករលឹកជាទីបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងគណៈប្រតិ ភូនេះផងដែរ ៕