ប្រទេសថៃ៖ រយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះព្រះមហាក្សត្រថៃ បានដកតំណែងស្នំឯង មេទ័ពរាជវាំង និងមន្ត្រីពាក់ព័ន្ធ សរុបជាង១០នាក់ ។ មិនតែប៉ុណ្ណោះ ស្តេចថ្មីបានគ្រប់គ្រងកងទ័ព ២កងពលដោយផ្ទាល់អង្គឯងទៀតផង។
សកម្មភាពខាងលើ ត្រូវបានអ្នកវិភាគចាត់ទុកថាជាការពង្រឹងព្រះកិត្តិយស ក្រោយមានរឿងអាស្រូវជាច្រើន មុនពេលព្រះអង្គឡើងគ្រោងរាជសម្បត្តិ។ ព្រះរាជសកម្មភាពទាំងនោះហើយបានធ្វើឲ្យប្រជារាស្ត្រថៃ ពេញចិត្តយ៉ាងខ្លាំង ហើយពេលនេះ មន្ត្រីរាជការ និងគ្រូបង្រៀនចូលក្នុងជំរំមួយជាបន្តបន្ទាប់ ដើម្បីពង្រឹងការងារសហគមន៍ និងភាពស្មោះត្រង់ចំពោះស្តេច។
មន្រ្តីរាជការ ប៉ូលិស និងគ្រូបង្រៀន កំពុងត្រូវបញ្ជូនជាបន្តបន្ទាប់ទៅកាន់ជំរំបណ្តុះបណ្តាលនៅក្នុងប្រទេសថៃ ដើម្បីចូលរួមវគ្គហ្វឹកហាត់ក្នុងផ្នែកការងារសហគមន៍ និងការពង្រឹងភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រ។
យោងតាមអ្នកជំនាញមួយចំនួន កម្មវិធីបណ្តុះបណ្តាលខាងលើ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន គឺជាការរំលេចឲ្យឃើញពីរបៀប ដែលព្រះមហាក្សត្រថៃបច្ចុប្បន្ន គឺព្រះបាទ មហា វិជ្ជរ៉ាឡុងកន កំពុងតែពង្រឹងអំណាចរបស់ទ្រង់ នៅក្នុងសង្គមឲ្យកាន់តែរឹងមាំថែមទៀត។
បុគ្គលប៉ុន្មានរូបដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ដែលហៅថា «Volunteer Spirit 904» បានឲ្យដឹងថា ៖វាមានភាពតឹងរ៉ឹងដោយពួកគេត្រូវងើបតាំងពីព្រឹកព្រហាមម៉ោង ៥៖០០នាទី ដើម្បីហាត់ប្រាណជាក្រុម ហើយតម្រង់ជួរគោរពតាមរបៀបរបបទាហាន មុនចូលដល់ម៉ោងសិក្សាអំពីប្រវត្តិសាស្រ្តនៃស្តេចថៃ និងហ្វឹកហាត់អំពីការងារសហគមន៍។
នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាល ដែលជាទូទៅមានរយៈពេលចន្លោះពី ១៥ថ្ងៃរហូតដល់ ៦សប្តាហ៍ពួកគេត្រូវបានប្រកាសជា «Karatchakan Suan Pra-ong» ឬ «មន្រ្តីបម្រើអង្គព្រះមហាក្សត្រ» ដែលនឹងមានតួនាទីលើកកម្ពស់រាជានិយម ហើយកិច្ចប្រឹងប្រែងរបស់ពួកគេ ក៏នឹងត្រូវតាមដានជាប់ផងដែរ។
វគ្គបណ្តុះបណ្តាល 904 នេះស្ថិតក្រោមការសម្របសម្រួលរបស់រដ្ឋមន្រ្តី នៃការិយាល័យនាយករដ្ឋមន្រ្តីថៃលោក ធីរ៉ាផាត់ ប្រាយូរ៉ាសិទ្ធី (Theerapat Prayurasiddhi)។ បើតាមលោក Theerapat មនុស្សប្រមាណ ៣,០០០នាក់ហើយបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ដែលគិតជាក្រុមគឺចំនួន ៥០០ក្រុម ចាប់តាំងពីខែមីនា ឆ្នាំ២០១៨ មកទល់និងពេលបច្ចុប្បន្ន ហើយវាគឺជាការស្ម័គ្រចិត្តសុទ្ធសាធ ដោយគ្មានការបង្ខិតបង្ខំឡើយ។
គួរជម្រាបថា បើតាមការយល់ឃើញរបស់ក្រុមអ្នកជំនាញមួយចំនួន ខណៈការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ គឺជាវប្បធម៌ដ៏យូរលង់ណាស់មកហើយរបស់ប្រទេសថៃនោះ ព្រះបាទ វិជ្ជរ៉ាឡុងកន ក៏កំពុងតែព្យាយាមធានានូវភក្តីភាពពីប្រជានុរាស្រ្តរបស់ទ្រង់ ក្នុងរបៀបដែលពុំធ្លាប់ឃើញពីមុនមកឡើយ៕