ខេត្តតាកែវ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខេត្តតាកែវ ចាប់ជនសង្ស័យម្នាក់ជាមុខសញ្ញាជិះម៉ូតូឆក់យ៉ាងជំនាញជាច្រើនលើកច្រើនសា នៅខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចចាប់មិនដែលបាន ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកកាលពីម៉ោង៤រសៀល ថ្ងៃ ព្រហស្បត្តិ៍ ៤កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
មន្រ្តីនគរបាលខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ តុក ឧត្តម ហៅប៉ែត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រៃទូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ចាមួយគ្នានេះដែរសមត្ថកីច្ច ដកហូតវត្ថុតាងបានមានម៉ូតូ ០១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ជារបស់ជនសង្ស័យតែងជិះធ្វើសកម្មភាព ឆក់តាមផ្លូវសាធារណៈនៅរាជធានីភ្នំពេញនាពេលកន្លងមក ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីពេលកន្លងមក ជនសង្ស័យបានធ្វើសកម្មភាព ឆក់ជាច្រើនលើក នៅខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏ជាមុខសញ្ញារបស់សមត្ថកិច្ចតាមចាប់ខ្លួនផងដែរ លុះមួយរយៈចុងក្រោយនេះជនសង្ស័យឆក់ជនរងគ្រោះម្នាក់បានសម្រេចហើយមកពួនសំងំលាក់ខ្លួននៅស្រុកកំណើតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ប្រាថ្នា