ភ្លើងឆេះព្រៃ ព្រមជាមួយអាកាសធាតុក្តៅផងដែរបានបង្ខំឲ្យរដ្ឋាភិបាលអូស្ត្រាលីចាំបាច់ត្រូវតែជម្លៀសពលរដ្ឋរបស់ខ្លួនរាប់រយនាក់ដែលស្ថិតនៅភាគខាងត្បូងតំបន់ទីប្រជុំជន Great Ocean Road នោះ ខណៈដែលភ្លើងឆេះព្រៃនេះបានបំផ្លាញលំនៅឋានពលរដ្ឋជាង១០០ខ្នងក្នុងអំឡុងថ្ងៃបុណ្យគ្រីស្ទមាស់ហើយនោះ ។
មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ពលរដ្ឋជាច្រើននាក់ដែលរស់នៅតំបន់ឈូងសមុទ្រ ទីដែលពលរដ្ឋទៅកម្សាន្តក្នុងថ្ងៃឈប់សម្រាកនោះត្រូវតែភៀសខ្លួនជាបណ្តោះអាសន្នចាកចេញពីលំនៅឋាន ខណៈដែលស៊ីតុណ្ហភាពត្រូវគេព្យាករណ៍ថាបានកើនកម្តៅរហូតដល់៤០ដឺក្រេ(Celsius) ដែលជាកម្រិតក្តៅបំផុត ។ ជាមួយគ្នានេះដែរ អាកាសធាតុនៅរដូវក្តៅផងនោះធ្វើឲ្យកម្រិតនៃការគំរាមកំហែងពីគ្រោះថ្នាក់កាន់តែកើនឡើងធ្វើដង ។ ការកើនកម្តៅនៅក្នុងតំបន់នេះបានកើតឡើងរយៈពេល២សប្តាហ៍កន្លងមកហើយ ។
ប្រភពបន្តថា សហគមន៍ក្នុងតំបន់បានស្តាប់តាមការអំពាវនាវឲ្យមានការភៀសខ្លួនចេញពីលំនៅឋានជាបណ្តោះអាសន្នសិនក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ដោយសារថា ភ្លើងឆេះព្រៃកំពុងតែសកម្មខ្លាំងឡើង ហើយកាន់តែកៀកខិតជិតទៅដល់សហគមន៍របស់ពួកគេ ។ វាគ្មានសុវត្ថិភាពនោះសម្រាប់ពួកគេ ប្រសិនបើគ្មានការការពារពួកគេជាមុនទេនោះ ។
ភ្លើងឆេះព្រៃបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ ។ ភ្លើងឆេះព្រៃនេះបានបន្តឆេះរាលដាលយ៉ាងឆាប់រហ័ស ហួសពីសមត្ថភាពនៅក្នុងការទប់ស្កាត់ ។ អាជ្ញាធរពន្លត់អគ្គិភ័យអូស្ត្រាលីបានប៉ាន់ប្រមាណថា ហេតុការណ៍ភ្លើងឆេះព្រៃនេះបានឆេះអស់ព្រៃលើផ្ទៃដីប្រមាណ២៥០០ហិកតាហើយ ។ គ្រាន់តែក្នុងថ្ងៃបុណ្យគ្រីស្ទមាស់ប៉ុណ្ណោះ លំនៅឋានពលរដ្ឋប្រមាណ១១៦ខ្នងរងការបំផ្លាញដោយសារតែភ្លើងឆេះព្រៃនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត