ភ្នំពេញ៖ កីឡាករ ជើងខ្លាំងផ្នែកប្រើស្នៀតកែងនិងជង្គង់ វង្ស ណយ របស់ក្លិបខេត្តប៉ៃលិន ត្រូវការឈ្នះ៣ពិន្ទុពីកីឡាករ ឡុង សុវណ្ណឌឿន សិស្សរបស់លោកឡុង សាលវ័ន្ត ក្នុងវគ្គជម្រុះឆ្ពោះទៅ ដណ្តើមខ្សែក្រវាត់គូបូតា ទម្ងន់៦៩គីឡូក្រាម នៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ នាថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៦។
កីឡាករ វង្ស ណយ ជំនាញខាងប្រើស្នៀតជង្គង់ និងកែងហើយវាយចេញមានទម្ងន់អាចផ្តួលដៃគូឲ្យសន្លប់បានប្រសិន បើខ្វះការប្រុងប្រយ័ត្ននោះ។ វង្ស ណយ ធ្លាប់ឡើងសង្វៀនប្រដាល់ជោកជាំ ច្រើនជាងឡុង សុវណ្ណឌឿន ហើយសូម្បីតែតួលេខវាយឈ្នះដៃគូក៏ច្រើនជាងប្រវត្តិប្រកួតរបស់កីឡាករ ឡុង សុវណ្ណឌឿនដែរ។ នៅក្នុងចំណោម១២៩ប្រកួត របស់កីឡាករ វង្ស ណយ គេវាយឈ្នះបាន៩៤ដង ចាញ់៣២ដង ស្មើ៣ដង។
ចំណែក ឡុង សុវណ្ណឌឿន ក៏មានស្នៀតប្រដាល់ល្អគួរសមដែរដូចជាកណ្ដាប់ដៃ ជើង កែង និងជង្គង់ ប៉ុន្តែបើប្រៀបធៀបជាមួយវង្ស ណយ នោះ សុវណ្ណឌឿន គេមានប្រវត្តិប្រកួតត្រឹមតែ៦៩ដងប៉ុណ្ណោះ ក្នុងនោះ គេវាយឈ្នះបាន៥៧ដង ចាញ់៩ដង ស្មើ៣ដង។
សម្រាប់ជំនួបប្រកួត រវាងកីឡាករ វង្ស ណយ នឹង ឡុង សុវណ្ណឌឿនជុំចុងក្រោយនេះ វង្ស ណយ គេចាំបាច់ត្រូវការឈ្នះសុវណ្ណឌឿនឲ្យខាងតែបាន។ ក្នុងចំណោម២ប្រកួតកន្លងទៅរបស់កីឡាករ វង្ស ណយ មាន៤ពិន្ទុដោយវាយឈ្នះ១ ប្រកួតចាញ់១ប្រកួត គឺវង្ស ណយ វាយឈ្នះ ឡៅ ស៊ីណាត មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ដោយពិន្ទុ និងចាញ់ កីឡាករ ម៉ឺន សុភា មកពីសមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុ។ រីឯ សុវណ្ណឌឿនចាញ់ទាំង២ប្រកួតមាន២ពិន្ទុ ដោយលើកទី១គេវាយចាញ់ ម៉ឺន សុភា ក្នុងទឹកទី១ និងលើកទី២គេវាយចាញ់ ឡៅ ស៊ីណាត ដោយពិន្ទុ។
ក្រៅពីការប្រកួតគូជម្រុះដណ្តើមខ្សែក្រវាត់ក៏នៅមានកីឡាករ សុខ វាសនា មកពី ក្លិបឃ្លាំងមឿងកីឡានឹងជួបប្រកួតជាមួយ ឈាន រស្មី មកពីក្លិបរាជសីហ៍ខេត្តរតនគិរីក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
កីឡាករ ឯម សារ៉ាក់ ក្លិបឫទ្ធីពោធិ៍សែនជ័យ ប្រកួតជាមួយកីឡាករ សំណាង គង្គា ក្លិបដួងសែនសុខគុនខ្មែរក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ កីឡាការិនី បុប្ផា មករា ក្លិបនិរោធមានជ័យត្រូវប្រកួត ជាមួយកីឡាការិនី អេ យ៉ានុត ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម៕
ដោយ៖ សារីម