ប្រទេសបារាំង៖ គោលនយោបាយអាត្មានិយមរបស់លោកត្រាំ គិតតែពីផលប្រយោជន៍ខ្លួនឯង បោះបង់សម្ព័ន្ធរាប់សិបឆ្នាំ បានធ្វើឲ្យប្រទេសនៅតំបន់អឺរ៉ុប ខកចិត្តយ៉ាងខ្លាំង។ នៅពេលនេះបារាំង បាននាំមុខក្នុងតំបន់អឺរ៉ុប បង្កើនទំនាក់ទំនងសេដ្ឋកិច្ច បញ្ជៀសផលប៉ះពាល់ ពីការដំឡើងពន្ធរបស់អាមេរិក ។
ក្នុងពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន មិនទាន់ថយកម្តៅ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានខិតខំស្វែងរក ផ្លូវដើរផ្សេងសម្រាប់បារាំង ផ្ទាល់ ដោយបង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំងកាន់តែស្អិតល្មួតជាងមុន។
ដំណើរទស្សនកិច្ចនៅថ្ងៃទី ៤ខែវិច្ឆិកា គឺជាដំណើរទស្សនកិច្ច លើកទីពីរ របស់ប្រធានាធិបតី ម៉ាក្រុង ទៅកាន់ប្រទេសចិន។ នៅក្នុងដំណើរទស្សនកិច្ចលើកនេះគឺដើម្បីការពារ ផលប្រយោជន៍របស់បារាំង និងអឺរ៉ុបទាំងមូល ។លោកម៉ាក្រុង មិនត្រឹមតែស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិននោះឡើយ ថែមទាំងធានាជូនអឺរ៉ុប មិនធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាអ្នកចាញ់នៅក្នុងសង្គ្រាម ពាណិជ្ជកម្មចិន អាមេរិក។
ក្នុងរយៈពេលនៃសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន ប្រទេសបារាំង និង អឺរ៉ុប ស្ថិតនៅក្នុងចន្លោះកណ្តាល ធ្វើឲ្យអឺរ៉ុប បារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ច្រើនដោយសង្គ្រាមពាណិជ្ជកម្មនោះ។
ជាមួយនិងគោលនយោបាយ អាមេរិក ជាដំបូង របស់លោកត្រាំ ធ្វើឲ្យអឺរ៉ុប អស់ជំនឿចិត្តទៅលើ អាមេរិកដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីសម្ព័ន្ធមិត្ត អឺរ៉ុបនោះឡើយ។ ចំណុចទាំងនោះហើយបានជា អឺរ៉ុបងាកទៅកាន់ប្រទេសចិនវិញ ក្នុងគោលដៅបញ្ជៀសផលប៉ៈពាល់ ។
នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនលើកនេះ ប្រធានាធិបតី ម៉ាក្រុង បានដឹកនាំ សមាជិក ដែលមានប្រធាន ក្រុមហ៊ុនធំៗរបស់បារាំង ទៅកាន់ប្រទេសចិន ដើម្បីស្វែងរកឱកាស នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម។
នៅពេលនេះ បារាំងនិងអឺរ៉ុប បានប្រែក្លាយ ភាពតានតឹង អាមេរិក ចិន ក្នុងវិស័យពាណិជ្ជកម្ម ទៅជាឱកាស ពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិន ។ បារាំង គឺជាក្បាលម៉ាស៊ីនរថភ្លើង ដឹកនាំអឺរ៉ុប ឆ្ពោះទៅរកភាពល្អប្រសើរ ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពេលប្រធានាធិបតី ម៉ាក្រុង ទស្សនកិច្ច ទៅកាន់ប្រទេសចិន។
បច្ចុប្បន្ន ចិនបានដើរតួនាទីយ៉ាងសំខាន់នៅលើពិភពលោក ក្នុងការរក្សាសន្តិសភាពស្ថេរភាពសេដ្ឋកិច្ច ជាតិ ដោយចិនបានរួចចំណែកជួយដល់ប្រទេសជាច្រើន ពង្រឹងនិងពង្រីកសេដ្ឋកិច្ច របស់ខ្លួន ។ មិនថានៅក្នុងប្រទេស អ្នកមានអឺរ៉ុប នោះឡើយ សូម្បីតែអាហ្រិក អាមេរិកឡាទីន អាស៊ីពិសេសគឺអាស៊ាន ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
ជាក់ស្តែងនៅក្នុងសម័យប្រជុំកំពូលអាស៊ាននាយករដ្ឋមន្ត្រីថៃកោតសរសើរចំពោះការរួមចំណែករបស់ចិន ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ បានថ្លែងកោតសរសើរ ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងការកសាងក៏ដូចជារក្សាសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី ណារុម៉ុន ភីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យថា លោក ប្រាយុទ្ធ ក៏បានសម្តែងនូវការពេញចិត្តជាខ្លាំង ចំពោះកិច្ចប្រឹងប្រែងរបស់ចិន ក្នុងការជំរុញផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម នៅគ្រប់ជ្រុងជ្រោយផងដែរ។
បន្ថែមពីខាងលើនេះ ជាមួយការសម្គាល់នូវទំនាក់ទំនងរបស់អាស៊ាន និងចិន ក្នុងអំឡុងពេលប្រមាណមួយទសវត្សរ៍កន្លងមកនេះ គឺប្រកបដោយភាពក្លៀវក្លា រឹងមាំ និងវឌ្ឍនភាព អ្នកនាំពាក្យរដ្ឋាភិបាលថៃបានសង្កត់ធ្ងន់ថា ចិននៅតែបន្តជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់អាស៊ាន និងអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតលំដាប់ទីពីររបស់ចិន។
គួរជម្រាបថា យោងតាមលោកស្រី Narumon អាស៊ាន និងចិនបានបន្តប្តេជ្ញាបង្កើនការវិនិយោគ និងការធ្វើពាណិជ្ជកម្មទ្វេភាគី និងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ហៅកាត់ថា RCEP។ ក្នុងឱកាសនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រីថៃបានប្រាប់ទៅកាន់ បណ្តាមេដឹកនាំប្រទេសអាស៊ានដទៃទៀតថា ដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គួរតែត្រូវសម្រេចឲ្យបានឆាប់ ដើម្បីជំរុញឲ្យមានកំណើន នៅចំពោះមុខការចុះអន់ថយនៃសន្ទុះសេដ្ឋកិច្ចសកល។ កិច្ចព្រមព្រៀង RCEP រួមមានសមាជិកអាស៊ានទាំង ១០ប្រទេស រួមមានដៃគូពាណិជ្ជកម្មទាំង ០៦ របស់អាស៊ានគឺចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងនូវែលសេឡង់៕
ដោយ៖ មែវ សាធី