ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុង ពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ កាលពីថ្ងៃទី ៧ វិច្ឆិកាដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជាសូមធានានូវសុវត្ថិភាពចំពោះបងប្អូនប្រជា ពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនអោយមានការ ភ័យខ្លាចអ្វីឡើយ។
សម្តេចតេជោបានថ្លែងទៀតថា សូមអញ្ជើញបងប្អូននិងកូនក្មួយចូលរួមសប្បាយរីករាយក្នុងថ្ងៃ ៩ វិច្ឆិកា នៃទិវា បុណ្យឯករាជ្យជាតិ ជាមួយនឹងកម្មវិធីហូបអំបូកទូទាំងប្រទេស(អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ) ដែលនឹងបន្តរហូតដល់ថ្ងៃទី១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និង សំពះព្រះខែខាងមុខនេះ។
ក្រៅពីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជានិងភ្ញៀវអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់ខ្លួននៅ ភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត ពាក់ព័ន្ធនឹងចូលរួមសកម្មភាពផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការអូសទាញបោកប្រាស់ពីជនក្បត់ជាតិសម រង្ស៊ី សូមចេញមករសារភាព កុំមានការ ភ័យខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ។
សម្តេចអះអាងថា មានតែបុគ្គល(៩) នាក់ ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន ៕