អាមេរិក-ចិន៖ ការប្រឈមមុខតានតឹងក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនិងចិន រយៈពេល ជាង១៦ខែកន្លងមក ធ្វើឲ្យវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរ ធ្លាក់ចុះដូចគ្នា មិនតែប៉ុណ្ណោះបានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក។
នៅពេលនេះ ចិននិងអាមេរិក បានព្រមព្រៀងគ្នា លុបពន្ធ ទៅលើទំនិញនាំចូល របស់ប្រទេសទាំងពីរ ដែលបានដំឡើង ដាក់គ្នានាពេលកន្លងមក ប្រសិនបើទទួលបានជោគជ័យ ប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងជាលើកដំបូង បង្អស់ក្នុងដំណាក់កាលទី១។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា លុបពន្ធ មួយចំនួនដែលបានដំឡើងនាពេលកន្លងមក ។ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិត ជុំវិញការលុបពន្ធនោះឡើយ។
ចំណែកមន្ត្រីអាមេរិកបានលើកឡើងថា ការលុបពន្ធដែលបានដំឡើងរួច គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ថ្មី ហើយពេលនេះយើងរងចាំ តែមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាតែប៉ុណ្ណោះ។
អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី Stephanie Grisham បានលើកឡើងថា ៖ អាមេរិកពិតជាចង់កាត់បន្ថយកម្តៅនៃសង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយរយៈពេល១៦ខែកន្លងមក ។
នៅពេលនេះមេដឹកនាំទាំងពីរ មិនទាន់មានគម្រោងជួបពិភាក្សានៅទីកន្លែងណានោះឡើយ ក្រោយប្រទេសឈីលី ប្រកាសដកខ្លួន ឈប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំAPEC ដែលជាទីតាំង ប្រធានាធិបតីចិននិងអាមេរិក គ្រោងជួបពិភាគ្សានិងចុះហត្ថលេខានៅទីនោះ ៕
ដោយ៖ មែវ សាធី