ប្រទេសថៃ៖ ប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថាអាជ្ញាធរថៃបានរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងតឹងរឺងតាមការបញ្ជាពីថ្នាក់លើ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងតម្រួតខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិកម្ពុជា១៩នាក់ យកទៅសួរនាំក្រោយសង្ស័យថា ចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី។
ប្រភពដដែលនោះបានបញ្ជាក់ថា ក្នុងចំណោមជនទាំង១៩រូបនោះ មានប្រុស១១នាក់ ស្រី៨នាក់ ដែលខ្លះកាន់លិខិតឆ្លងដែនបរទេស ដូចជា អាម៉េរិក បារាំង កូរ៉េ ជាដើម ដោយធ្វើដំណើរដោយរថយន្ត មកពីទីក្រុងបាងកក មកព្រំដែនកម្ពុជាថៃតាមច្រកប៉ោយប៉ែត ។
ចំណែកប្រភពព័ត៌មានពីចារកម្មរបស់ថៃ បានរាយការណ៍ថា តម្រួតថៃបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ឃើញថា ក្នុងចំណោមជនទាំងនោះមានខ្លះទៅចូលរួមកិច្ចការប្រឆាំងរដ្ឋាភិបាលកម្ពុជាជាមួយទណ្ឌិត សម រង្ស៊ី តែក្រុមទាំងនេះបានអះអាងថា ពួកគេធ្វើដំណើរទៅកម្ពុជាដើម្បីចូលរួមបុណ្យអុំទូក អកអំបុក ឬមកពិនិត្យសុខភាពនៅប្រទេសថៃប៉ុណ្ណោះ។
យ៉ាងណាការរឹតបន្តឹងសន្តិសុខនៅតាមព្រំដែន កម្ពុជា-ថៃ នាពេលនេះធ្វើឡើងតាមកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ(ខ្មែរ-ថៃ) ដោយចង់ឲ្យនៅក្នុងតំបន់នេះមានសន្តិសុខល្អ ប្រយោជន៍ឲ្យប្រជាពលរដ្ឋទាំងពីរប្រទេសប្រកបការងាររកស៊ីដោយសុវត្ថិភាព ៕
ដោយ៖សហការី