ភ្នំពេញ៖ យុវជនម្នាក់បានបែកក្បាលស្លាប់នៅនិងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈខ្ចីម៉ូតូមិត្តភក្តិជិះឌុបគ្នាទៅបុក ជាមួយរថយន្ត។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះ
មានឈ្មោះ វឿត សាឡង អាយុ២០ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ ស្នាក់នៅម្ដុំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកអ្នករងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពព័ត៍មានពីយុវជនម្នាក់បានឲ្យដឹងថា ៖ មុនកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវជាមិត្តភក្តិបានខ្ចីម៉ូតូពីរូបគាត់មួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-9348 ជិះឌុបយុវជនម្នាក់ទៀតដែលស្លាប់ដោយមិនបញ្ជាក់ថាយកជិះទៅណានោះទេ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៨ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតុហេតុ បើកឆ្លងមកផ្លូវនរោត្តមក៏ជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់បែកក្បាលស្លាប់នៅនឹងកន្លែងម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្តបានបើកបន្តទៅមុខបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីប្រគល់ជូនម្ចាស់វិញ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ ជ្រោយពេជ្រ