ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិតជាមមាញឹករវល់ការងារប្រទេសជាតិខ្លាំងបំផុត ដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍន៍។ ម្សិលមិញក្រោយពីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានបញ្ចប់ គឺសម្តេចឆ្លៀតពេលអញ្ជើញមកមុជទឹកសមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។
នៅលើ Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? កាលពីល្ងាចមិញក្រោយពីបានមុជទឹកសមុទ្រនៅឆ្នេរអូរឈើទាលហើយ ក៏បានសម្រាកមួយយប់នៅក្រុងព្រះសីហនុស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់។
សម្តេចបន្តថា៖ យូរៗម្តងដោយភ្ជាប់ជាមួយនឹងការងារ ផងទើបខ្ញុំមានឱកាសបានមកសម្រាកដូចនេះ ព្រោះរាល់ថ្ងៃការងារប្រទេសជាតិគឺរវល់ច្រើនខ្លាំងណាស់។ បន្តិចទៀតខ្ញុំនឹងចេញដំណើរពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញវិញ។
សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនិងបានសម្រាកជួបជុំក្រុម
គ្រួសារក្នុងថ្ងៃអាទិត្យនេះ៕
ដោយ៖ សុខ ខេមរា