ភ្នំពេញ៖ នៅថ្ងៃទី១ ខែមករាឆ្នាំ២០១៦ ជាថ្ងៃចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក(ច្បាប់ថ្មី)ក្នុងព្រះរាជាណាចកក្រកម្ពុជា ប៉ុន្តែអ្វីដែលមានការកត់សម្គាល់នះគឺអ្នកប្រើប្រាស់ផ្លូវមួយចំនួនមានប្រមាណជា៣០ភាគរយ នៅតែមិនព្រមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដដែល បើទោះបីរាជរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹង ហើយថានឹងផាកពិន័យយ៉ាងធ្ងន់ធ្ងរទ្វេជាបី ដើម្បីបង្ខំឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មីក៏ដោយ ។
នៅក្នុងរាជធានីភ្នំពេញគេសង្កេតឃើញនៅតាមមហាវិថីធំៗសំខាន់ៗមួយចំនួនក៏ដូចជាផ្លូវតូចៗផ្លូវបេតុងក្នុង មូលដ្ឋានទាំងអស់ មានចរាចរណ៍ជាធម្មតា តែអ្វីដែលគេចាប់អារម្មណ៍នោះអ្នកប្រើប្រាស់ផ្លូវខ្លះនៅតែមិនគោរព ច្បាប់ចរាចរណ៍ដដែល។ ប៉ុន្តែភាគច្រើនគេឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនធំប្រមាណ៧០ភាគរយបានចូលរួម យ៉ាងសកម្មដដែល បានន័យថាអ្នកគោរពច្បាប់នៅតែគោរព ហើយអ្នកមិនគោរពនៅតែមិនព្រមចូលរួមគោរពច្បាប់នៅតែចចែសដដែល ។ ដោយឡែកម៉ូតូដែលមិនដាក់កញ្ចក់មើលមុខក្រោយមានប្រមាណ២ភាគរយប៉ុណ្ណោះ។រីឯនៅតាមភ្លើងស្តុបនីមួយៗនៅតែមានអ្នកឈប់យានលើគំនូសសញ្ញា ហាមឈប់ ហើយខ្លះទៀតមិនឈប់តែម្តង។
មន្ត្រីនគរបាលចរាចរបានអះអាងថាអ្នករត់រ៉ឺម៉កម៉ូតូគឺភាគច្រើនពុំមានពាក់មួកសុវត្ថិភាពទេបើទោះបីច្បាប់ចរាចរណ៍ថ្មីបង្ខំឲ្យពួកគាតើពាក់មួកការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងក៏ដោយ។ ចំណែកអ្នកជិះម៉ូតូខាងក្រោយវិញស្ទើរ១០០ភាគរយគឺពុំមានពាក់មួកការពារសុវត្ថិភាពនោះទេ។
មន្រី្តនគរបាលចរាចរបានឲ្យដឹងទៀតថានៅតាមផ្លូវជាតិសំខាន់ៗឯណោះវិញគឺមួយចំនួនមានសមត្ថកិច្ចបានដាក់គោលដៅ ដើម្បីផាកពិន័យសាកល្បង អ្នកដែលមិនគោរពច្បាប់ចរាចរណ៍ ដោយកត់ម៉ាក និងលេខម៉ូតូ ហើយឲ្យម្ចាស់ទៅបង់ការផាកពិន័យនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃ ស្នងការរាជធានីភ្នំពេញ។ ប៉ុន្តែគេនៅមិនទាន់ដឹងថាបងប្អូនសុខចិត្តយកលុយទៅបង់លុយនៅការិយាល័យចរាចរណ៍ដូចនៅស្រុកគេដែលឬអត់ ?
ថ្មីៗនេះសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីតាមការ គ្រោងទុក ដោយមិនពន្យារពេលទៀតទេ ហើយការធ្វើនេះ ដើម្បីទទួលបាននូវបទពិសោធន៍ ឬបញ្ហាសម្រាប់យកមកដោះស្រាយបន្តលើកលែងតែប័ណ្ណបើកបរម៉ូតូ ឬរថយន្តត្រូវព្យួរទុកសិន៕
ដោយ៖ ប្រាថ្នា