វិធានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្លាយជាសាច់ជ្រូកបីជាន់ដ៏ឆ្ងាញ់របស់មន្ទីរសុខាភិបាលខេត្តតាកែវ ។ មុនដំបូងគេមិននឹកស្មានថា រឿងអីដែលពាក់ព័ន្ធនឹងមន្ទីរសុខាភិបាលក្នុងការអនុវត្តច្បាប់ចរាចរណ៍នោះ ។ ប្រភពរាយការណ៍ថា ប្រជាពលរដ្ឋដែលត្រូវទៅធ្វើប័ណ្ណបើកបរនៅមន្ទីរសាធារណការត្រូវបានពិនិត្យឲ្យរួចរាល់អំពីបញ្ហាសុខភាព ហើយមន្ទីរសុខាភិបាលជាអ្នកចេញលិខិតបញ្ជាក់ថា មានសុខភាពល្អ ទើបខាងមន្ទីរសាធារណការចេញប័ណ្ណបើកបរឲ្យ ។
នៅខេត្តតាកែវ ប្រជាពលរដ្ឋដែលត្រូវពិនិត្យសុខភាព គ្រាន់តែវាស់កម្ពស់ និងថ្លឹងទម្ងន់ត្រូវចំណាយប្រាក់២ម៉ឺនរៀល ជាថ្នូរនឹងការទទួលបានប័ណ្ណមួយសន្លឹក ដែលបញ្ជាក់ថា សុខភាពល្អ ។ ប្រភពរាយការណ៍ថា មន្ទីរសុខាភិបាលខេត្តតាកែវត្រូវប៉ាន់យ៉ាងសម្បើមមួយឈុតចុងក្រោយ គ្រាដែលប្រជាពលរដ្ឋផ្អើលឈូឆ នាំគ្នាទៅធ្វើប័ណ្ណបើកបរ ។ ប្រជាពលរដ្ឋរាប់ពាន់នាក់ បន្តជាជួរដើម្បីទៅទិញប័ណ្ណបញ្ជាក់សុខភាពពីមន្ទីរសុខាភិបាលខេត្តតាកែវ ។
គេនិយាយថា បើកុំតែរាជរដ្ឋាភិបាលប្រកាសពន្យារពេលនៃការធ្វើប័ណ្ណបើកបរមួយរយៈនោះ កុំអីមន្ទីរសុខាភិបាលខេត្តតាកែវគ្រប់ទឹកមិនខាន ។ គេមិនដឹងថា វាជាគោលការណ៍របស់ក្រសួងសុខាភិបាល ឬយ៉ាងណានោះទេ ប៉ុន្តែតម្លៃទឹកប្រាក់២ម៉ឺនរៀលនោះត្រូវគេអះអាងថា ថ្លែគួរសមដែរ ។ ករណីនេះគួរតែក្រសួងសុខាភិបាលចាត់វិធានការជាក់លាក់ណាមួយចំពោះមន្ទីរសុខាភិបាលខេត្តតាកែវ ។ ប៉ុន្តែបើវាជាគោលការណ៍របស់ក្រសួង គួរតែប្រកាសឲ្យបានទូលំទូលាយផង ៕