ក្រសួងបរិស្ថាន៖ ដែនជម្រកសត្វព្រៃសៀមប៉ាង»ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣៣ ៧០៧, ៧៣ ហិកតា នៅស្រុកសៀមប៉ាង

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានសម្រេចតាមរយៈអនុក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការេពារធម្មជាតិតែមួយមានឈ្មោះថា«ដែនជម្រកសត្វព្រៃសៀមប៉ាង»ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣៣ ៧០៧, ៧៣ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។ ព្រំប្រទល់និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃសៀមប៉ាង នឹងត្រូវធ្វើបច្ចុប្ប ន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវនិងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យា សាស្ត្រដើម្បីធានាតម្លៃនិងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌។ នៅពេលមិនទាន់ បញ្ចូលគ្នា ដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ ៦៦ ៩៣២ ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចមានទំហំផ្ទៃដី ៦៥ ៣៨៩ ហិកតា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះថា ការដាក់ បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការពារធម្មជាតិតែមួយនេះគឺនឹងជួយឱ្យមានការស្រួលដល់ការគ្រប់គ្រង និងអភិរក្សកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយនូវ ការិយាល័យធិបតេយ្យ ងាយស្រួលដល់ការធ្វើ ផែន ការគ្រប់គ្រង និងចំណេញថវិកា។ ដែនជម្រកសត្វទាំងពីរនេះ មានទីតាំងភូមិសាស្រ្តនិងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈដូចគ្នា។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាអតីតតំបន់សត្វស្លាបយ៉ាងសំខាន់ និងកន្លងទៅក៏បានទទួលការសិក្សានិងស្នើសុំបង្កើត«ព្រៃការពារ»តែមួយសម្រាប់អភិរក្សធនធានសេនេទិចរុក្ខជាតិនិងសត្វព្រៃផងដែរ។
ដែនជម្រកសត្វព្រៃ«សៀមប៉ាង» និង«សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយនៃតំបន់អេកូឡូស៊ីព្រៃត្រូពិចស្ងួតទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវជម្រុះមានតម្លៃនៅក្នុងតំបន់ឥណ្ឌូ-ភូមា មានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្ស។ នៅក្នុងតំបន់នេះសំបូរទៅដោយសត្វស្លាបកម្រដូចជាសត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀលជាដើម។
តាមការបញ្ជាក់របស់ លោករដ្ឋលេខាធិការ  នេត្រ ភក្ត្រា ការដាក់បញ្ចូល ដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាលលិច ជាតំបន់ការពារធម្មជាតិតែមួយ ទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន(ឃុំ ស្រុក និងខេត្ត) ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។ លោកបានថ្លែងថា នេះគឺជាការរៀបចំផែនការជាក់លាក់លើការងារគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃទាំងពីរ ហើយក្រសួងបរិស្ថាន ដែលជាសមត្ថកិច្ចនឹងរៀបចំនិងគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាងដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិនៃ ច្បាប់ជាធរមាន។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការរៀបចំគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ សៀមប៉ាងនេះគឺដើម្បីធានាឱ្យមានការថែទាំសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញ លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ ក៏ដូចជាផ្តល់ផលិតផលនិងសេវា កម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍ មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ឱ្យបានគង់វង្ស។
សូមបញ្ជាក់ថារហូតទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន ដែលមានផ្ទៃដីទំហំរហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២ លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូ
តាន។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ កំពុង ប្រតិបត្តិ ការ ការ ងារល្បាត និងអនុវត្តវិធានការច្បាប់នៅក្នុងតំបន់ការពារធម្មជាតិសរុបចំនួន ៥៦ តំបន់ និង របៀងអភិរក្ស ជីវៈ ចម្រុះចំនួន ៣ គ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណជាង ៧,២លាន ហិកតា។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចូល រួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមានបច្ចុប្បន្នដើម្បីបន្សល់ទុកដល់ប្រជាពលរដ្ឋខ្មែររាប់ជំនាន់ តទៅមុខទៀត៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print