ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ថា ក្រុមសកម្មប្រយុទ្ធដែលគេហៅថារដ្ឋអិស្លាម (IS)នោះបានបើកការវាយប្រហារមួយទៅលើទីតាំងបន្ទាយយោធារបស់អ៊ីរ៉ាក់ ដែលស្ថិតនៅជិតទីក្រុង Ramadi ។ ការវាយប្រហារបានធ្វើឡើង ក្រោយរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដែលកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្តើមបានគ្រប់គ្រងទីក្រុង Ramadi មកវិញពីក្រុមភេរវកម្មនោះ ។
អ្នកនាំពាក្យកម្លាំងយោធាអ៊ីរ៉ាក់បានថ្លែងថា ជនវាយប្រហារគ្រាប់បែកក្នុងរថយន្តអត្តឃាត និងក្រុមសកម្មប្រយុទ្ធដែលមានពាក់អាវការពារគ្រាប់ផងនោះបានចូលរួមក្នុងការវាយប្រហារនេះ ។ ប៉ុន្តែត្រូវកងកម្លាំងរដ្ឋាភិបាល ដោយមានការជួយពីលើដែនអាកាសរបស់កងទ័ពសម្ពន្ធមិត្តដឹកនាំដោយអាមេរិកផងនោះបានវាយប្រហារតបតទៅវិញប្រកបដោយប្រសិទ្ធភាពផងដែរ ។
នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ក្រុមរដ្ឋអិស្លាមប្រឆាំងមកលើកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បន្ទាប់ពីការដណ្តើមគ្រប់គ្រងបានវិញនូវទីក្រុងRamadi នោះ ។
គេនៅមិនទាន់ដឹងថា តើក្រុមសកម្មប្រយុទ្ធរដ្ឋអិស្លាមប៉ុន្មាននាក់ដែលកំពុងស្ថិតនៅតំបន់ជាយក្រុង ហើយកំពុងតែប្រឈមមុខជាមួយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់នោះឡើយ ។ ខណៈនេះ ការប្រយុទ្ធគ្នានៅតែបន្តកើតឡើង ហើយគេមិនអាចដឹងបានថា តើមានមនុស្សប៉ុន្មាននាក់ដែលបាត់បង់ជីវិតនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត