អំពើហិង្សានៅក្នុងពន្ធនាគារនៅប្រទេស Guatemala បានកើតឡើងបណ្តាលឲ្យអ្នកទោសយ៉ាងតិច៨នាក់បាត់បង់ជីវិត និងជាង២០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ។
ប៉ូលិសបានបញ្ជាក់ថា អ្នកទោសបានផឹកស្រានៅថ្ងៃបុណ្យឆ្លងឆ្នាំសាកល នៅពេលដែលអំពើហិង្សាបានកើតឡើងនោះ ។ អ្នកទោស២នាក់ ត្រូវអ្នកទោសដូចគ្នាកាត់ក្បាល ។
ក្រុមអ្នកទោសបានបង្កអំពើហិង្សាដោយដុតពូក និងកាត់ផ្តាច់ខ្សែភ្លើងនៅក្នុងពន្ធនាគារផងដែរ ។
មន្ទីរឃុំឃាំងស្ថិតនៅទីក្រុងកំពង់ផែ Puerto Barrios ស្ថិតនៅតំបន់ឈូងសមុទ្រ Caribbean ។ ពន្ធនាគារនេះសាងសង់ឡើងសម្រាប់ដាក់អ្នកទោសត្រឹមតែ១៧៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ គេបានញាត់អ្នកទោសរហូតជាង៩០០នាក់ ។
ឆ្មាំការពារមន្ទីរឃុំឃាំង មានពេលខ្លះមានការលំបាកណាស់ដែរចំពោះអ្នកទោសទាំងនោះ ដែលជានិច្ចកាលតែងតែផ្ទុះអំពើហិង្សា និងការប្រឈមមុខដោយអាវុធដោយសារតែមានការរត់ពន្ធចូលក្នុងពន្ធនាគារថែមទៀតផង ៕
ប្រែសម្រួល៖ ថាច់ យ៉ាត