ប្រទេសប៉េរ៉ូ៖ ការដឹកជញ្ជូនគ្រឿងញៀនតាមនាវាមុជទឹកកំពុងតែពេញនិយម ហើយដឹកជញ្ជូនម្តងៗ រាប់តោន ចូលទៅកាន់អាមេរិក និងអឺរ៉ុប។ ប៉ុន្តែការដឹកជញ្ជូននោះក៏មិនអាចលាក់បាំងនិងក្រុមជំនាញការពារដែនសមុទ្រ របស់ប្រទេសនិមួយៗផងដែរ។
កាលពីថ្ងៃទី៨ ខែធ្នូ កម្លាំងសន្តិសុខ ប៉េរ៉ូបានចាប់គ្រឿងញៀន មាន២តោនដឹកជញ្ជូន ដែលដឹកតាមនាវាមុជទឹក ហើយបានចាប់ខ្លួននាវិកចំនួន៤នាក់ នៅក្នុងនាវាមុជទឹក ដែលចូលទៅកាន់ដែនសមុទ្ររបស់ប្រទេសនេះ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
តាមការប្រកាសរបស់កម្លាំងទាហានជើងទឹក ប៉េរ៉ូបានលើកឡើងថា ក្នុងពេលយាមល្បាត ក៏បានប្រទះឃើញនាវាមុជទឹកមួយគ្រឿង នៅចម្ងាយពីឆ្នេរសមុទ្ររបស់ប៉េរ៉ូ ប្រមាណ២០០គីឡូម៉ែត្រ នៅជិតទីក្រុង Talara ព្រំដែនប្រទេសកូឡុំប៊ី។
នាវាមុជទឹកដឹកគ្រឿងញៀនទម្ងន់២តោន និងទំនិញជាច្រើនផ្សេងទៀត បានព្យាយាមចូលទៅកាន់កំពង់ផែ Paita ដើម្បីបញ្ជូនទំនិញទាំងអស់នោះឡើងដីគោក។ ក្រៅពីចាប់គ្រឿងញៀនទាំងនោះ ឆ្មាំសមុទ្ររបស់ប៉េរ៉ូ ក៏ឃាត់ខ្លួននាវិកចំនួន៤នាក់ផងដែរ។
តាមតួលេខរបស់ការិយាល័យប្រឆាំងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ UNODC បានឲ្យដឹងថា ប៉េរ៉ូ ជាប្រទេសផលិតសារធាតុ កូកាអ៊ីន ធំលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីប្រទេសកូឡំប៊ី។ នៅក្នុងប្រទេសនេះ មានចម្ការដាំអាភៀនខុសច្បាប់ រហូតដល់ទៅជាង៥មុឺនហិកតា ហើយសារធាតុកូកាអ៊ីន ដែលបានផលិតនៅក្នុងប្រទេសនេះ មានរហូតដល់ទៅ៤០០តោន ក្នុងមួយឆ្នាំៗ។
ក្រៅពីនេះ នៅក្នុងតំបន់ដាច់ស្រយាល តំបន់ព្រៃភ្នំអាម៉ាហ្សូនជាប់នឹងព្រំដែន កូឡុំប៊ី ប្រេស៊ីល និងប៊ូឡាវី ក៏ជាកន្លែងដាំដុះដើម coca សម្រាប់ផលិតសារធាតុកូកាអ៊ីនផងដែរ៕
ដោយ៖ មែវ សាធី