ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សៀវភៅដែលមានចំណងជើងថា “ប៊ុន រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា” រៀបរាប់ពីប្រវត្តិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃអង្គារ ទី១០ ធ្នូ នេះនៅឯហាង ប៊ុក កាហ្វេ។
លោក ឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ និងជាសា ស្ត្រាចារ្យព័ត៌មាន បានពិពណ៌ នាថា ដើម្បីបានសៀវភៅនេះ លោកបានសន្សំឯកសារជា ច្រើនឆ្នាំ ដោយរួមទាំងការប្រមូលព័ត៌មានទាំងពីសម្តេចតេជោផងនិងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ លោក ឆាយ សុផល ក៏បានបញ្ជាក់ថា ការសរសេរសៀវភៅបែបប្រវត្តិសាស្ត្រ ពិសេសសៀវភៅប្រវត្តិថ្នាក់ដឹកនាំកំពូលពិតជាមិនងាយស្រួលនោះទេ ពោលគឺត្រូវទទួលខុសត្រូវទាំងចំពោះ មុខប្រវត្តិសាស្ត្រ និងចំពោះ មុខច្បាប់ ព្រមទាំក្រមសីលធម៌ វិជ្ជាជីវៈផង។« ខ្ញុំគិតថា យើងគ្រប់គ្នាបានស្គាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទូទៅហើយ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានស្គាល់ពីដំណើរជីវិតរបស់លោកតាំងពីលោកនៅកុមារភាព”។
លោកបន្តថា សៀវភៅនេះបានឆ្លុះបញ្ចាំងអំពីជីវិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ ដែលលោកបានឆ្លងកាត់កាលៈទេសៈដ៏លំបាកគ្រប់បែបយ៉ាងរហូតប្រទេសទទួលបានសុខសន្តិភាពទាំងស្រុងនាពេលបច្ចុប្បន្ន ពោលគឺសៀវភៅរៀបរាប់ចាប់ តាំងពីលោកនៅកុមារភាព ជាទ័ពព្រៃដៃកាន់កាំភ្លើង យាមយប់យាមថ្ងៃ ដើម្បីការពារជំរំលាក់ខ្លួនជាគ្រូពេទ្យ ជាអ្នក ទោសដែលត្រូវបានកងឈ្លបខ្មែរក្រហមតាមសម្លាប់ទាំងម្តាយ និងកូន រហូតលោកបានក្លាយជាមាតាមនុស្សធម៌និងជាស្ត្រីទី១នៃប្រទេស។
បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះ គឺថា ដោយឆ្លងកាត់សង្គ្រាម និងជាកងទ័ពរំដោះជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចេះបាញ់កាំភ្លើងជា ច្រើនប្រភេទ រួមនិងការបោកគ្រាប់បែកផងហើយនេះទំនងមានតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មួយរូបគត់ ដែលជាភរិយាថ្នាក់ដឹកនាំកំពូល នៃប្រទេស ទាំងនៅកម្ពុជា និងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកនេះ ហើយស្ទើរមួយជីវិតលោកធ្លាប់បានឆ្លងហែលជីវិតគ្រប់រសជាតិ ផ្អែម ល្វីង ជូរចត់ ទុក្ខសោក សង្រេងក្នុងវាលវដ្ត សង្សារទម្រាំបានមកដល់សព្វថ្ងៃនេះ។ មួយជីវិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានបាត់បង់កូនពីរនាក់ ហើយលោកឪពុកបង្កើតត្រូវបានក្រុមខ្មែរក្រហមឡើងបាញ់សម្លាប់នៅលើផ្ទះនៅឆ្នាំ១៩៨០។
សៀវភៅនេះក៏បានរៀបរាប់ការបែងចែកពេលវេលារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុង នាមជាជីដូន ជាកូន ជាម្តាយ ជាភរិយានាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំកំពូលនៃកាកបាទក្រហមកម្ពុជាព្រមទាំងវីធីសាស្រ្តនៃការអប់រំកូនៗផងដែរ។
តើសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានអារម្មណ៍យ៉ាងណានៅពេលគេប្រមាថរូបលោក និងគ្រួសារ?ហើយចម្លើយក៏មាននៅក្នុងសៀវភៅនេះដែរ។
សូមបញ្ជាក់ថា សៀវភៅនេះមានចំនួនជាង៣០០ទំព័រ បោះពុម្ពចំនួន៣ម៉ឺនច្បាប់ ហើយមិត្តអ្នកអានអាចរកបាននៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួននៅទូទាំងប្រទេស ព្រមទាំងនៅ Monument Book នៅផ្សារទំនើបអ៊ុអ័ន អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ និងសៀមរាប។
សៀវភៅនេះក៏មានចែកជូនសាកលវិទ្យាល័យនិងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុងផង ដែរដើម្បីឱ្យជនរួមជាតិបានអានជាពុទ្ធិជំនួយស្មារតី។បន្ថែមពីនេះ សៀវភៅក៏មានបំណងចូលរួមក្នុងពិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ នៅបណ្ណាល័យជាតិ នាថ្ងៃទី១៣ – ១៥ ធ្នូ ព្រមទាំងចូលរួមអបអរទិវាខួបចម្រើនជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ នេះផងដែរ៕
ក្រសួងព័ត៍មាន