ខេត្តឧត្តរមានជ័យ៖កាលពីរសៀលថ្ងៃទី១០ ខែធ្នូ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និង គ្រឿងញៀនជិត៨គីឡូក្រាម ។
ការបង្ក្រាបនេះ ធ្វើឡើង នៅចំណុចផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ ។
សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បញ្ជាក់នៅថ្ងៃទី១១ ខែធ្នូ នេះ ថា ជនសង្ស័យ ឈ្មោះ ប្រាក់ ស៊ុប ជនជាតិថៃ និង ឈ្មោះ ណាត ថាភុន អាយុ៤២ឆ្នាំ ។
សមត្ថកិច្ច ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និង រថយន្តមួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងបន្តទៅតុលាការតាមនីតិវិធី ៕
ដោយ៖ ចេស្តា