ម៉ាកាវ៖ ម៉ាកាវជាតំបន់ស្វ័យភាព ដូចកោះហុងកុង តែមានការរីកចំរើនមានសន្តិសុខ សណ្តាប់ធ្នាប់ ដោយសារតែតំបន់នេះស្តាប់តាម រដ្ឋាភិបាលទីក្រុងប៉េកាំង។ ដោយឡេកហុងកុង និង តៃវ៉ាន ត្រូវមនោគមន៍វិជ្ជាពីអាមេរិក រងការញុះញ៉ង់ ធ្វើឲ្យតំបន់ នោះមិនមានសន្តិសុខស្ថេរភាពពេញលេញនោះឡើយ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ម៉ាកាវ ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃទី២០ ខែធ្នូ បានជំរុញឲ្យកងទ័ព រំដោះប្រជាជនចិន (PLA) បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញភារកិច្ច និងរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តប្រកបដោយជោគជ័យ នៅក្នុងប្រទេសមួយ ប្រព័ន្ធច្បាប់ពីរ នៅម៉ាកាវ។
លោក ស៊ី ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មនីស្ដចិន (CPC) និងជាប្រធានគណៈកម្មការយោធាមជ្ឈិម បានធ្វើការកត់សម្គាល់ នៅក្នុងអំឡុងពេលការត្រួតពល នៅម៉ាកាវ។ លោកប្រធានាធិបតី បានត្រួតពិនិត្យលើកម្លាំងកងកិត្តិយស កងការពារ និងប្រយុទ្ធ កងប្រឆាំងនឹងកុបកម្ម កងប្រឆាំងភេរវកម្ម និងក្រុមសង្គ្រោះបន្ទាន់។
លោកប្រធានាធិបតី បានថ្លែងថា៖ អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ កងទ័ព PLA នៅម៉ាកាវ បានអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល និង CMC ។ កងទ័ព បានអនុវត្ដការងារគួរឲ្យកត់សម្គាល់ នៅក្នុងការអនុវត្តការងារស្នួលការពារជាតិ ហើយបានបង្ហាញពីកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន។
លោកប្រធានាធិបតីចិនបានបន្ដថា៖ កងទ័ពនៅម៉ាកាវ ត្រូវតែបង្កើនសមត្ថភាព នៅក្នុងការអនុវត្តការងាររបស់ខ្លួន ការពារអធិបតេយ្យភាពជាតិឲ្យរឹងមាំ សន្ដិសុខ និងអភិវឌ្ឍ ដើម្បីរក្សាឲ្យបាននូវភាពរុងរឿង និងស្ថិរភាព នៅម៉ាកាវ។ ក្រៅពីនេះ កងទ័ពត្រូវតែងអនុវត្ដឲ្យបានជោគជ័យ នៅក្នុងគោលការណ៍ប្រទេសមួយ ប្រព័ន្ធច្បាប់២នេះ៕
ដោយ៖ មែវ សាធី