ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរបង្ហោះពីម្សិលមិញលើអំពីខ្លឹមសារ «បើអ្នកកាសែតផ្សាយទម្លាយឲ្យបែកការណ៍ ក្នុងសំណុំរឿងដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ឬស៊ើបអង្កេត នឹងនាំខ្លួនអ្នកកាសែតរូបនោះឲ្យទទួលខុសត្រូវ» ។ តើករណីនេះយ៉ាងដូចម្តេច?
ខ្លឹមសាររបស់លោកបានសរសេរទៀតថា «ខ្ញុំគួរបកស្រាយចំណុច១ ដើម្បីមានការយល់គ្នាលើវិជ្ជាជីវៈសារព័ត៌មាន ពីព្រោះកន្លងមក មានសមត្ថកិច្ចអំពាវនាវផង និងប្រើពាក្យព្រមានផងថា៖ «បើអ្នកកាសែត ផ្សាយទម្លាយឲ្យបែកការណ៍ ក្នុងសំណុំរឿងដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ឬស៊ើបអង្កេត នឹងនាំខ្លួនអ្នកកាសែតរូបនោះឲ្យទទួលខុសត្រូវ»។ តើករណីនេះយ៉ាងដូចម្តេច? ចម្លើយគឺ មិនអញ្ចឹងទេ។ នេះគឺជាវិជ្ជាជីវៈ២ផ្សេងគ្នា និងជាការទទួលខុសត្រូវដាច់ដោយឡែកពីគ្នា check and balance។
សូមអានខ្លឹមសារទាំងស្រុងរបស់លោក ដែលបានបកស្រាយមានចំនួន៣ចំណុចខាងក្រោមនេះ ៖
១- ការស្រាវជ្រាវស៊ើបអង្កេតរឿងក្តី ឬការតាមចាប់ជនសង្ស័យបានឬមិនបាន គឺជារឿងរបស់សមត្ថកិច្ច ឬរបស់តុលាការ។ សមត្ថកិច្ច ក៏អាចមិននិយាយលាតត្រដាងរឿងក្តី ឲ្យកាសែតដឹងបានដែរ។
២- តែបើកាសែតដឹង ការផ្សាយគឺជាតួនាទីរបស់អ្នកកាសែត។ មេរៀនប្រាប់ថា អ៊ីចឹង! អ្នកកាសែត អាចមានសិទ្ធិទទួល ឬមិនទទួលសំណូមពររបស់សមត្ថកិច្ច។ ក៏ប៉ុន្តែ ជាវិជ្ជាជីវៈ អ្នកកាសែតត្រូវតែផ្សាយ ហើយក៏គ្មានហេតុផលចាប់ខ្លួនកាសែតលើករណីផ្សាយនោះទេ។
៣- អ្វីដែលអ្នកកាសែតត្រូវធ្វើ គឺផ្សាយទៅតាមអង្គហេតុនៃព្រឹត្តិការណ៍ និងប្រាប់ថា សមត្ថកិច្ចកំពុងធ្វើអ្វី ពីព្រោះវាគឺជាដំណឹង។ ប៉ុន្តែ អ្នកកាសែត ត្រូវជៀសវាងឃុបឃិតជាមួយភាគីជនសង្ស័យ ធ្វើបុរេវិនិច្ឆ័យ បង្អើល និងហាមបំភ្លៃកាឡៃខ្លឹមសារសាច់រឿង ដែលធ្វើឲ្យមហាជនយល់ច្រឡំ ពីសទៅជាខ្មៅ ៕
ដោយ ៖ សុខ ខេមរា