ខេត្តស្វាយរៀង៖ ពិតជាសោកស្តាយពន់ពេក ត្រឹមតែមួយពព្រិចភ្នែកសោះ ស្ត្រីដ៏ស្រស់ស្អាតសោភា បានបាត់បង់ជីវិតដោយស្នាដៃអធិការរង នគរបាលក្រុងបាវិត បាញ់ប្រហារ នៅក្នុងហាង «តន្ត្រីសំណាងដាណេ» ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ដំណឹងដ៏អកុសលនេះបានគេរាយការណ៍មកថា ជនរងគ្រោះបានស្លាប់នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ដោយស្ថានភាពមុខរបួសនៃគ្រាប់កាំភ្លើងមានលក្ខណៈធ្ងន់ធ្ងរមិនជួយសង្គ្រោះបាន។
នេះជាអំពើឃោឃៅពេកហើយ.! ដែលអធិការរង កូនប្រុសអធិការក្រុងបាវិត បាញ់សម្លាប់ស្ត្រីម្ចាស់ហាង ខឹងរឿងលើកម្ហូបយឺតពេក ។ ខ្លះទៀតធ្លោយថា ស្ត្រីរងគ្រោះជានារីកំណាន់ចិត្តរបស់ឪពុកជនដៃដល់ ប៉ុន្តែពុំមានប្រភពច្បាស់ជុំវិញបញ្ហានេះ។
សូមជម្រាបថា៖ កូនប្រុសអធិការនគរបាលក្រុងបាវិត ពិតជាឆេវឆាវមែន ក្នុងនាមខ្លួនអ្នកអនុវត្តច្បាប់ ជាមន្ត្រីនគរបាលយុត្តិធម៍ ហ៊ានលើកដៃបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្ត្រីសំណាងដាណេ» បណ្តាលឲ្យរបួសធ្ងន់។ដោយឡែកជនសង្ស័យក៏ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ២១ ធ្នូ ២០១៩ តាមនីតិវិធី។
សមត្ថកិច្ចបានអោយដឹងថា៖ លោកអធិការរងនគរបាលក្រុងបាវិត ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងដាណេ» ក្នុងបំណងសម្លាប់ចោល តែបណ្តាលឲ្យរបួសធ្ងន់ចំក្បាល នឹងត្រូវបញ្ជូនទៅកាន់ តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់អោយដឹងនៅព្រឹកនេះ។ ក្រោយមកនៅរសៀលថ្ងៃដដែលនេះ ជនរងគ្រោះបានស្លាប់ទៅហើយ។
ជនដៃដល់ដ៏ឃោឃៅ ជាអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ត្រូវជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ គឺកាលពីយប់មិញ ២០ ធ្នូ ឆ្នាំ២០១៩ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម។ ករណីនេះបានកើតឡើងនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ដោយសារជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក។ លោកស្នងការថា ជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការ ហើយមិនអាចទុកបាននោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់អង្គភាព និងនគរបាលជាតិ។
ក្រោយការបាញ់ប្រហារជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះមានឈ្មោះ សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។
ជនសង្ស័យជាអធិការរងនគរបាលរូបនេះ ត្រូវបានគេរាយការណ៍ថា ទើបតែត្រូវបានប្រកាសឲ្យចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះទេ។ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមួយចំនួន លួចបង្ហើបថា ម្នាក់ៗមិនពេញចិត្តនឹងការដឹកនាំរបស់អធិការក្រុង កែវ គង់ នោះឡើយ ប៉ុន្តែមិនហ៊ានប្តឹងមកថ្នាក់លើចេះតែទ្រាំទៅ ខណៈគ្រួសារនិយម កូនអធិការរង ឪពុកអធិការ ហើយមានរឿងអាស្រូវច្រើន។
ជនសង្ស័យឈ្មោះ គង់ ចិត្រា ដែលមានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿងញៀន ជាអតីតជានគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំងជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ ក៏ក្លាយជាជនកំណាច ឃោឃៅ ចុងក្រោយ«កុំខ្លាំងអានួន ជាប់គុកអានាង» អាចអស់មួយជីវិត។
ជនសង្ស័យជាឃាតក នេះ ត្រូវបានអ្នកក្រុងបាវិតមួយចំនួន ស្គាល់ថា ជាមនុស្សមានចរឹកមិនល្អ និងធ្លាប់ជាក្មេងទំនើង ស្រាប់តែមានសំណាងបានធ្វើជាអធិការរងនគរបាលក្រុង ក្រោមការជួយជ្រោមជ្រែងពីឪពុក របស់ខ្លួន។ ថ្នាក់លើគួរពិចារណាផង ពីសាវតាសមត្ថកិច្ចមុនអោយឡើងកាន់តំណែង ជៀសវាងយកជនទំនើងក្រុមបងធំដូចអធិការរង រូបនេះ កាន់តំណែងបាន៥-៦ថ្ងៃសោះ ក្លាយជាជនដៃដល់បាញ់ប្រហារពលរដ្ឋ ដូចបាញ់ចាប។
បើតាមបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងដាណេ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ស្រាប់តែបុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់សម្លាប់ តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួច បុរសដែលឃាតក បានដើរចេញពីហាងគេចខ្លួនបាត់ តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក។
ជនដៃដល់ អាចនឹងមានអ្នកអន្តរាគមន៍ ដូចកាលជួយជ្រោមជ្រែងអោយឡើងជាអធិការរង នោះទេ..! សម័យនេះ សង្គមមានច្បាប់ អ្នកប្រព្រឹត្តត្រូវទទួលទោសទណ្ឌ ក្នុងអំពើឃាតកម្មដោយចេតនា ខណៈជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ៕
ដោយ៖ យឹម សុថាន