ប្រទេសម៉ាឡេសុី៖ ក្រោយពេលចោទប្រកាន់ពីបទពុករលួយ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រឈមនឹងការចោទប្រកាន់ថ្មី ពីបទ «ឃាតកម្ម»ជាបន្តទៀត។ អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានរងការចោទប្រកាន់នូវបណ្ដឹងថ្មីមួយទៀត ដោយសារមានការជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើស្រ្ដីជនជាតិម៉ុងហ្គោលី កាលពី១៣ឆ្នាំមុន។
ប្រភពព័ត៌មាន នៅក្នុងតំបន់បានឲ្យដឹងថា ៖ជនរងគ្រោះ នៅក្នុងសំណុំរឿងឃាតកម្មនោះ ឈ្មោះ Altantuya Shaariibuu អាយុ២៨ឆ្នាំ ជាស្រ្ដីមានផ្ទៃពោះ។ នាងត្រូវបានឃាតករបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយបំផ្ទុះគ្រាប់បែកប្លាស្ទិក នៅក្នុងព្រៃ នាខាងក្រៅទីក្រុងកូឡាឡាំពួ កាលពីអំឡុង ឆ្នាំ២០០៦។ រីឯអតីតអង្គរក្ស របស់លោក Najib ក៏មានការជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះផងដែរ។
នៅក្នុងអំពើឃាតកម្មខាងលើនេះ នាំឲ្យមានការស៊ើបអង្កេត និងចោទប្រកាន់ជាថ្មីទៅលើ លោក Najib Razak អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដែលហ៊ុមព័ទ្ធទៅដោយសំណុំរឿង ប្រព្រឹត្ដអំពើពុករលួយ ប្រាក់រាប់ពាន់លានដុល្លារ ដោយចោទថា គាត់បានបញ្ជាឲ្យអង្គរក្ស បាញ់សម្លាប់ទៅលើស្រ្ដីជនជាតិម៉ុងហ្គោលី ដោយសារនាងជាចារនារីបរទេស។
លោក Azilah Hadri ជាអង្គរក្សរបស់លោក Najib បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហើយត្រូវបានបណ្ដាញផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា លោក Najib បានប្រាប់ឲ្យគាត់ ជាអង្គរក្សបំផ្ទុះបំបែកសាកសពរបស់ជនរងគ្រោះ។ នេះជាការចោទប្រកាន់លើកទី១ហើយ ដោយភ្ជាប់អំពើឃាតកម្ម ដោយផ្ទាល់ទៅលើលោក Najib ។
កន្លងមក លោក Najib Razak អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានរងការប្រកាន់ អំពីការប្រព្រឹត្ដអំពើពុករលួយ កិបកេងថវិកាជាតិ រាប់ពាន់លានដុល្លារ តាមរយៈមូលនិធិ 1MDB ។ រីឯការចោទប្រកាន់ រហូតឈានដល់ការនាំគាត់ឡើងតុលាការជាបន្ដបន្ទាប់នោះ បន្ទាប់ពីលោកNajib បានចាញ់ នៅក្នុងការបោះឆ្នោត កាលពីឆ្នាំមុន។
ដោយឡែក លោក Najib បានថ្លែងថា លោកមិនដែលណែនាំឲ្យអ្នកណាម្នាក់ទៅសម្លាប់ស្រ្ដីជនជាតិម៉ុងហ្គោលី ឈ្មោះ Altantuya Shaariibuu នោះឡើយ។ ជាការពិតណាស់ លោកមិនដែលបានជួប ឬក៏ស្គាល់នាងនោះដែរ។ ប៉ុន្ដែដោយសារការចោទប្រកាន់ថ្មីមួយករណីទៀត លើសំណុំឃាតកម្ម ប្រឆាំងនឹងរូបលោកបែបនេះ ទើបកាលពីថ្ងៃទី២០ ខែធ្នូ ម្សិលមិញនេះ លោក បានទៅស្បថ នៅក្នុងព្រះវិហារអ៊ិស្លាមមួយ នៅក្នុងទីក្រុងកូឡាឡាំពួរ។
លោក Najib បានបញ្ជាក់ថា នៅក្នុងសម្បថនោះ លោកបាននិយាយាថា «ប្រសិនបើខ្ញុំកុហក ខ្ញុំនិយាយ មិនពិតទៅលើករណីឃាតកម្មនោះ សូមព្រះអាឡោះ ប្រហារជីវិតខ្ញុំចុះ» ។
លោក Najib នៅពេលបច្ចុប្បន្ននោះ កំពុងប្រឈមមុខនឹងការចោទប្រកាន់រាប់សិបសំណុំរឿង ពាក់ព័ន្ធនឹងអំពើពុករលួយ កិបកេងថវិកាជាតិរាប់រយលានដុល្លារអាមេរិក ក្រោមមូលនិធិ 1MDB ។ ប៉ុន្ដែលោក Najib នៅតែបដិសេធថា លោកមិនបានប្រព្រឹត្ដខុស នោះឡើយ៕
ដោយ៖ មែវ សាធី