ប្រទេសនៅលើពិភពលោក មានពិធីស្វាគមន៍ឆ្នាំថ្មី ខុសៗ គ្នា ហើយពេលវេលាក៏ខុសគ្នានោះដែរ។ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុត គឺពិធីស្វាគមន៍ឆ្នាំថ្មី ប្រព្រឹត្តទៅយ៉ាងរលូន ដោយមិនមានការគំរាមកំហែង ឬវាយប្រហារណាមួយ បំផ្លាញភាពសប្បាយរីករាយនោះឡើយ ។ ប្រទេសមួយចំនួនកំពុងប្រឈមវិបត្តិ ក៏ស្វាគមន៍ឆ្នាំថ្មីយ៉ាងរីករាយផងដែរ ដោយសង្ឃឹមថា នឹងទទួលបាននៅអ្វីល្អជាងឆ្នាំមុន។
ឆ្នាំ២០១៩ បានក្លាយទៅជាអតីតកាលទៅហើយ ហើយពេលនេះពិភពលោកបានស្វាគមន៍ឆ្នាំថ្មី ២០២០ ដោយសង្ឃឹមថា អ្វីគ្រប់យ៉ាងនឹងល្អប្រសើរ សុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការរីកចម្រើនល្អទៅមុខជានិច្ច។
បរិយាកាសស្វាគមន៍ឆ្នាំថ្មី បានរៀបចំឡើងយ៉ាងអធិកអធម៍ នៅតាមបណ្តាទីក្រុងធំ ទាំងទ្វីអាស៊ី អឺរ៉ុប អាមេរិក អាហ្វ្រិក ដើម្បីស្វាគមន៍ទទួលឆ្នាំថ្មី ដោយបានបាញ់កាំជ្រួចផ្កាភ្លើងយ៉ាងស្រស់ស្អាត ។
នៅទីក្រុងស៊ីដនី ពិធីបាញ់កាំជ្រួចផ្កាភ្លើងដ៏ស្រស់ស្អាត បើទោះជាប្រទេសនេះកំពុងតែប្រឈមនឹងភ្លើងឆេះព្រៃរាលដាលជាទ្រង់ទ្រាយធំ មិនទាន់អាចគ្រប់គ្រងបានក៏ដោយ។ ប៉ុន្តែពិធីស្វាគមន៍ឆ្នាំថ្មីនេះ ក៏មិនអាចខ្វះបានឡើយ។ នៅមុនឈានចូលឆ្នាំថ្មីពលរដ្ឋប្រមានជិត៣សែននាក់ បានស្នើរឲ្យផ្អាកបាញ់កាំជ្រួចផ្កាភ្លើងមួយឆ្នាំ ដោយសារតែភ្លើងឆេះព្រៃ ប៉ុន្តែរដ្ឋាភីបាលមិនអាចផ្អាកបានឡើយ។ មន្ត្រីទីក្រុងស៊ីដនី បានលើកឡើងថា ការបាញ់កាំជ្រួច ដែលចំណាយប្រាក់ប្រមាណ៦,៥លានដុល្លារ។ ប៉ុន្តែវាអាចនាំមកចំណូលសេដ្ឋកិច្ច ប្រមាណ១៣០លានដុល្លារ។ ប្រសិនបើលុបការបាញ់កាំជ្រួចនេះ ក៏មិនអាចជួយអ្វីដល់ភ្លើងឆេះព្រៃនោះដែរ។
ក្រៅពីស៊ីដនី នៅមានទីក្រុងជាច្រើន ដែលបាញ់កាំជ្រួចផ្កាភ្លើងយ៉ាងស្រស់ស្អាត ក្នុងនោះមានប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសក្នុងតំបន់អឺរ៉ុប ជាដើម៕
ដោយ៖ មែវ សាធី