ប្រទេសអ៊ីរ៉ង់៖ ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ មានសញ្ញា អាក្រក់ជាច្រើន ពេលឈានចូលឆ្នាំ ២០២០ អាចជំរុញឲ្យប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា ដោយអាមេរិកប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយរាល់ការវាយប្រហារទៅលើទីតាំង អាមេរិក។
នៅថ្ងៃដំបូងដើមឆ្នាំ ២០២០ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចោទប្រកាន់អ៊ីរ៉ង់ នៅពីក្រោយការវាយប្រហារ ស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយសកម្មភាពខាងលើ ជាសញ្ញាអវិជ្ជមាននៅក្នុងទំនាក់ទំនង រវាងអាមេរិក និងអ៊ីរ៉ង់ នាឆ្នាំ ២០២០នេះ ។ លោក ដូណាល់ ត្រាំ បានលើកឡើងថា អ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការវាយប្រហារស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ។
កន្លងមកកម្លាំងទាហានអាមេរិក បានបើកការវាយប្រហារ ទៅលើទីតាំង របស់កម្លាំងទាហានប្រជាជនអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់ ។ អាមេរិក បានចោទប្រកាន់ក្រុមនេះថា ជាអ្នកនៅពីក្រោយការវាយប្រហារ ដោយមីស៊ីល សម្លាប់មេការ សំណង់អាមេរិក ដែលកំពុងសាងសង់ ទីតាំងយោធានៅ ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ។
លោកត្រាំ បានប្រកាសថា « ពេលនេះអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារ ទៅលើស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ ។ អ៊ីរ៉ង់ជាអ្នកទទួលសុខត្រូវទាំងស្រុង ហើយ អាមេរិកសង្ឃឹមថា អ៊ីរ៉ាក់នឹងប្រើប្រាស់កម្លាំងរបស់ខ្លួនការពារស្ថានទូតអាមេរិក នៅក្នុងប្រទេសនេះ »។
កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ កម្លាំងទាហាន ក្រុមស៊ីអ៊ីត នៅអ៊ីរ៉ាក់ និងអ្នកគាំទ្រ បានសម្រុកចូលស្ថានទូតអាមេរិក ក្នុងពេលធ្វើបាតុកម្មប្រឆាំងអាមេរិក ដែលបានវាយប្រហារតាមដែនអាកាស ទៅលើទីតាំងរបស់កម្លាំងទាហានស៊ីអ៊ីត ។
នេះជាសញ្ញាអាក្រក់ នៅឆ្នាំ២០២០ រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសារនៅថៃ្ងដំបូង នាឆ្នាំ ២០២០នេះអាមេរិកបានចោទប្រកាន់ទៅលើអ៊ីរ៉ង់ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នាពេលខាងមុខប្រទេសទាំងពីរ អាចនឹងប្រឈមមុខតានតឹងដាក់គ្នាថែមថែមទៀត ៕
ដោយ ៖ មែវ សាធី