ខេត្តបាត់ដំបងៈ ឈាមស្រែកស្បែកហៅ មិនបានប៉ុន្មានថ្ងៃផង សមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញឃាតក សម្លាប់ស្ត្រីវ័យ៣៧ឆ្នាំម្នាក់ ក្នុងស្ថានភាពអាក្រាតកាយនោះ នៅចំណុច វាលស្រែស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ដែលបានធ្វើឃាតលើស្ត្រី កាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០១៩ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវ វែកមុខឃាតកឃើញ គឺជាប្អូនថ្លៃរបស់ជនរងគ្រោះ ។
ដោយបានការសហការជាមួយនាយកដ្ឋានជំនាញរបស់់ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធី ពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នា២០១៩ ជនដៃដល់ក្នុងករណីរំលោភសម្លាប់ ជនរងគ្រោះឈ្មោះ ហង្ស ហ៊ន ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅចំណុចវាលស្រែ ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាល ពីព្រឹកថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០១៩ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន ឈ្មោះ ស៊ន ដាមូ ហៅ ដាំ ភេទប្រុស អាយ៣៣ឆ្នាំ រស់នៅ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ។
លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោមបទបញ្ជា និងដោយបានការសហការណ៍ជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩ សមត្ថកិច្ចនគរបាលបានសម្រេចធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ បន្ទាប់ពីបានស្វះស្វែងរកឃើញអត្តសញ្ញាណពិតរបស់ជនរងគ្រោះតែប៉ុន្មានម៉ោងរួចមក ។
លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី១ មករា ឆ្នាំ ២០២០ នេះជនសង័្សយឈ្មោះ ស៊ន ដាមូ ហៅដាំ បានឆ្លើយសារភាពអំពីសកម្មភាព របស់ខ្លួនគេបានប្រព្រឹត្តិចំពោះបងថ្លៃស្រីឈ្មោះ ហង្ស ហ៊ន កាលពីរាត្រីថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០១៩ នោះនៅចំណុចវាលស្រែចំណុចខាងលើ ប្រាកដមែន ។
លោក នាយការិយាល័យ បានឲ្យដឹងទៀតថា មូលហេតុដែលនាំទៅដល់ការ សម្លាប់ជនរងគ្រោះគឺដោយសារជនសង័្សយរូបនេះមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនរងគ្រោះ ហើយក្នុងរយៈពេលចុងក្រោយនេះជនរងគ្រោះមានបំណងឲ្យប្អូនស្រីបង្កើតរបស់ខ្លួនដែលត្រូវជាប្រពន្ធរបស់ជនសង័្សយចាកចេញទៅទីឆ្ងាយ ដើម្បីខ្លួនជាមួយជនសង័្សយបានរស់នៅជាមួយគ្នាក្នុងឋានៈជាប្តីប្រពន្ធ ។
នៅទីបំផុតជនសង័្សយបានប្រើប្រាស់វិធីនាំជនរងគ្រោះយកទៅសម្លាប់ចោលដោយប្រើប្រាស់ខ្សែរិតកសម្លាប់ដើម្បីដោះស្រាយបញ្ហាស្នេហាត្រីកោណមួយនេះព្រោះតែខ្លួនមិនអាចធ្វើអ្វីដែលជាបំណងរបស់ជនរងគ្រោះបាន និងបំណងយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះនៅក្រោយពេលស្លាប់ ។ ខណៈពេលសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវវជ្រាវបន្ថែមទៀតដើម្បីប្រមែប្រមូលភស្តុតាងផ្សេងៗទាក់ទងជាមួយនឹងករណីឃាតកម្មខាងលើនេះ ។
ស្នងការដ្ឋននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះការចូលរួមសហការណ៍ផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់ព័ត៌មាននិងភស្តុតាងនានារហូតឈានទៅធ្វើការវែចមុខឃាតករដៃឆៅរូបនេះ យកទៅផ្ទន្ទាទោសតាមផ្លូវច្បាប់ ៕ ស សារ៉េត